ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរបំផុត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរបំផុតនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ ព្រោះជាការងារសំខាន់ និងអាទិភាព ដែលអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែគិតគូរ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយរលូន និងធានាថាមិនមានបញ្ហាកើតឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលក៏បានណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌ ក៏ដូចកម្លាំងមានសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្កិភ័យ កុំមានការធ្វេសប្រហែស។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ នៅសាលារាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។

ឯកឧត្តមក៏បានជំរុញឱ្យមានការធ្វើការរួមគ្នារវាងអាជ្ញាធរ និងសមត្ថកិច្ចដោយបែងចែកកម្លាំងសមត្ថកិច្ចល្បាតទាំងថ្ងៃទាំងយប់ ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ខណៈដែលអាជ្ញាធររំពឹងថា សង្ក្រាន្តវត្តភ្នំឆ្នាំនេះនឹងមានប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករជាងឆ្នាំមុនៗ ហើយត្រូវយកបទពិសោធន៍នាឆ្នាំកន្លងទៅ ធ្វើជាបទពិសោធន៍ និងធ្វើឱ្យបានល្អប្រសើរ។ ពាក់ព័ន្ធនឹងការដាក់កងកម្លាំងសន្តិសុខនេះ ឯកឧត្តមអភិបាលណែនាំឱ្យរៀបចំទីបញ្ជាការស្រាលមួយចំនួន ដូចជាការដាក់ឧបករណ៍បំពងសំឡេងដោយសហការជាមួយវិទ្យុជាតិកម្ពុជា ដើម្បីងាយស្រួលជួនដំណឹងដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នៅពេលែលមានបញ្ហាកើតឡើង ឬត្រូវធ្វើការណែនាំដល់ពួកគាត់អំពីដំណឹងផ្សេងៗ។ ក្រៅពីនេះត្រូវរៀបចំចំណតរថយន្តក្រុងឱ្យបានសមរម្យសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីត្រូវពង្វាងចរាចរណ៍កុំឱ្យកកស្ទះនៅកន្លែងសប្បាយភាព ត្រូវគិតគូរអំពីបរិស្ថាន ដោយត្រូវមានការសម្អាត ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យទីក្រុងស្អាត ជាពិសេសកន្លែងដែលប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ ត្រូវតុបតែងភ្លើងពណ៌តាមដងផ្លូវ តាមដើមឈើ លាបថ្នាំឱ្យស្រស់ស្អាត និងត្រូវត្រួតពិនិត្យចរន្តអគ្គិសនីផងដែរ កុំឱ្យចរន្តអគ្គិនីឆ្លង ឬឆក់ពលរដ្ឋដែលមកលេងច្រើន។

ឯកឧត្តមអភិបាលបានណែនាំជាពិសេសត្រូវធានាបាននូវសុវត្ថិភាពផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខណៈពួកគាត់ទៅលេងស្រុកកំណើតអស់ដោយត្រូវដាក់កម្លាំងល្បាតជាប្រចាំ។ ចំពោះទីតាំងដែលមានពលរដ្ឋទៅលេងកម្សាន្តច្រើន កងកម្លាំងសមត្ថកិច្ចត្រូវបង្កើនឲ្យកាន់តែច្រើនផងដែរ ដើម្បីធានាកុំមានបញ្ហាកើតឡើង។ អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប ចរន្តអគ្គិសនី ដែលនាំឱ្យកើតជាជាអគ្គិភ័យជាយថាហេតុ។ចំពោះយុវជនមួយដែលលេងប៉ាតម្សៅ ជះទឹក បាញ់ទឹក ខុសទំនង ឬហួសហេតុ ដែបង្កផលប៉ះពាល់ដល់អ្នកដំណើរតាមម៉ូតូ តាមរថយន្ត តាមផ្លូវជាដើម អាជ្ញាធរ ក៏ត្រូវពនិត្យមើលផងដែរ។
ក្រោយចប់ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានអញ្ជើញចុះពិនិត្យទីតាំងព្រឹត្តិការណ៍រៀបចំសង្ក្រាន្តវត្តភ្នំឆ្នាំ២០២៥ នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងបានណែនាំផ្នែកជំនាញឱ្យរៀបចំបានល្អបំផុត ពិសេសណែនាំដល់ក្រុមហ៊ុនវឌ្ឍនៈឱ្យសរសេរអក្សជាតិឱ្យធំ អក្សរអន្តជាតិតូចជាងហើយអក្សជាតិនៅខាងលើ និងដកខ្លោងទ្វាររបស់ក្រុមហ៊ុនឱ្យឆ្ងាយពីវត្តភ្នំបន្តិចឱ្យទៅជាប់ខាងមុខក្រសួងរ៉ែ និងថាមពលលើមហាវិថីនរោត្ដមវិញ៕
ដោយ សួស សំរិត





