ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះឆ្មក់ចូលមណ្ឌលសុខភាពព្រៃញី ខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះឆ្មក់ ពិនិត្យ និងទទួលការបម្រើសេវា (ក្នុងនាមអ្នកមានតម្រូវការសុខភាព) នៅមណ្ឌលសុខភាពព្រៃញី ខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន ដើម្បីពិនិត្យជាក់ស្តែងវត្តមានបុគ្គលិកបម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង។

នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យថ្នាក់ដឹកនាំជំនាញសុខាភិបាលម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព សំដៅមកមណ្ឌលដើម្បីរកជំនួយពីគ្រូពេទ្យ។ ជាលទ្ធផល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យបានធ្វើការដោយយកចិត្តទុកដាក់ សំដីសំដៅកាយវិការសមរម្យ បច្ចេកទេសនៃការពិនិត្យវេជ្ជសាស្ត្រសមស្របតាមនិយាម រួមទាំងវិធីសាស្ត្រនៃការផ្តល់ជូនឱសថបានសមស្របទៅតាមរោគវិនិច្ឆ័យ។

បទពិសោធន៍នេះ ជាចំណែកមួយបន្ថែមទៀត ដែលឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតលើកយកមកវិភាគ និងពិចារណារួមគ្នារវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្តង កំឡុងពេលអាហារល្ងាចមុនលាត្រលប់មករាជធានីភ្នំពេញវិញ នាវេលាយប់នៃថ្ងៃដដែល។

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





