អង្គការ NatureLife ចូលរួមពង្រីកការលើកកម្ពស់យែនឌ័រក្នុងតំបន់បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- ការចែករំលែកបទពិសោធន៍ល្អៗរបស់សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងនៃតំបន់រ៉ាមសារស្ទឹងសែន ទៅសហគមន៍តំបន់ការពារធម្មជាតិបាឡតក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ។ ក្រោមថវិកាគាំទ្ររបស់មូលនិធិ CEPF អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានសម្របសម្រួលការចែករំលែកបទពិសោធន៍ល្អៗនៃការផ្សព្វផ្សាយយែនឌ័ររវាងសហគមន៍តំបន់ការពារធម្មជាតិក្នុងតំបន់បឹងទន្លេសាប ក្នុងគោលបំណងផ្សព្វផ្សាយពីការយល់ដឹងលើបញ្ហាយែនឌ័រ បង្កើនការចូលរួមសម្រេចចិត្ដ និងបង្កើតឱកាសចូលរួមសម្រាប់ស្រ្ដី ដើម្បីជម្នះឧបសគ្គរាំងស្ទះក្នុងការចូលរួមពេញលេញរបស់ពួកគាត់។


មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ថា ថ្មីៗនេះ តាមរយៈកិច្ចពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និងតំណាងគណៈកម្មការសហគមន៍ សហគមន៍តំបន់ការពារធម្មជាតិបាឡតបានជ្រើសរើសសមាជិកសហគមន៍ចំនួន៥រូប ដែលជាគ្រូបង្គោលស្ម័គ្រចិត្ដ ហើយពួកគាត់នឹងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបន្ដពីបញ្ហាយែនឌ័រក្នុងសហគមន៍របស់ពួកគាត់។ ជាមួយគ្នានេះដែរ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ក៏បានអញ្ជើញគ្រូបង្គោលពីសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងចំនួន ២ រូប មកចែករំលែកបទពិសោធន៍បន្ត និងបណ្ដុះបណ្ដាលដល់គ្រូបង្គោលថ្មីក្នុងការរៀបចំផ្សព្វផ្សាយបន្ដដល់សមាជិកសហគមន៍ និងជំរុញការចូលរួមរបស់ស្រ្ដីឲ្យកាន់តែច្រើនលើដំណើការគ្រប់គ្រង និងការសម្រេចចិត្ដនានាក្នុងសហគមន៍របស់ពួកគាត់។ កម្រិតយល់ដឹងពីបញ្ហាយែនឌ័រ ផ្នត់គំនិតសង្គម កង្វះការអប់រំ កង្វះឱកាសចូលរួមក្នុងសហគមន៍ និងផលលំបាកនៃទីតាំងភូមិសាស្រ្ដដាច់ស្រយ៉ាលបាននឹងកំពុងធ្វើឱ្យស្រ្ដីជាច្រើនក្នុងតំបន់បឹងទន្លេសាប មានឧបសគ្គរាំងស្ទះច្រើនជាងសហគមន៍ផ្សេងៗនៅលើគោក ដែលពួកគាត់មិនទទួលបានសិទ្ធពេញលេញ និងរងនូវឥទ្ធិពលអវិជ្ជមានជាច្រើនក្នុងការរស់នៅប្រចាំថ្ងៃ។

ដូចនេះស្រ្ដីត្រូវទទួលបានឱកាសចូលរួម និងបញ្ចេញសមត្ថភាពដឹកនាំក្នុងការងារសហគមន៍របស់ពួកគាត់ ព្រោះវាជាសិទ្ធរបស់ពួកគាត់។ សូមចូលរួមជម្នះឧបសគ្គរាំងស្ទះដល់ស្រ្ដី និងបង្កើនឱកាសបន្ថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





