ឧត្តមសេនីយ៍ទោ សែម តេនា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម តេនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ដែលតាមរយៈកិច្ចសហប្រតិបត្តិការនេះកងទ័ពកម្ពុជាទទួលបាននូវវគ្គហ្វឹកហ្វឺនជាច្រើនពីអូស្ត្រាលី។ ការវាយតម្លៃរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម តេនា ដូចនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីឧត្តមសេនីយ៍ត្រី Jennifer Harris មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក ក្រសួងការពារជាតិអូស្ត្រាលី នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម តេនា បានចូលរួមអបអរសាទរនូវការសម្រេចបានដ៏ជោគជ័យលើការបណ្តុះបណ្តាលការការពារជនស៊ីវិលនៅកម្ពុជា ដែលបានរៀបចំសិក្ខាសាលាស្តីពីយេនឌ័រក្នុងប្រតិបត្តិការយោធាដល់បុគ្គលិកនៃកងយោធពលខេមរភូមិន្ទនៅខេត្តកំពង់ស្ពឺរយៈពេលពីរថ្ងៃ ក្នុងគោលបំណងឱ្យយោធាមានការរៀបចំរួចរាល់ សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ហើយជាលទ្ធផល សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះ បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូងតាមការគ្រោងទុក ដែលជាកងដ៏ពិសេស មានមេបញ្ជាការជានារី។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម តេនា ក៏បានលើកឡើងពីជំនួយឧបត្ថម្ភសម្រាប់ហ្វឹកហ្វឺនពីអូស្ត្រាលី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៥ ដោយវគ្គហ្វឹកហ្វឺនក្នុងប្រទេស និងក្រៅប្រទេស សរុបចំនួន២៧វគ្គ មានសិក្ខាកាមចំនួន ២៨៨នាក់។ វគ្គហ្វឹកហ្វឺនក្នុងប្រទេសចំនួន១៣វគ្គ មានសិក្ខាកាមចំនួន២៦០នាក់ ក្នុងនោះមានវគ្គសិក្សាលើជំនាញម៉ាស៊ីនរាវមីន Mine Lap មានសិក្ខាកាមចំនួន២១នាក់។ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលអង្គការសហប្រជាជាតិ វគ្គយេនឌ័រ ភាសា បច្ចេកទេស វគ្គរក្សាសន្តិភាព សិក្ខាសាលាស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ វគ្គយេនឌ័រនៅក្នុងប្រតិបត្តិការយោធា វគ្គសិល្បៈក្បាច់គុនការពារខ្លួន និងសង្គ្រោះបឋម វគ្គហ្វឹកហ្វឺនស្តីពីតួនាទី ភារកិច្ចកងកម្លាំងក្នុងការការពារជនស៊ីវិល វេទិកាសន្តិភាព យេនឌ័រ និងសន្តិសុខ វគ្គហ្វឹកហ្វឺនគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន។ល។

ទន្ទឹមនឹងនេះ លោកស្រីឧត្តមសេនីយ៍ត្រី Jennifer Harris មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក ក្រសួងការពារជាតិអូស្ត្រាលី បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេស និងប្រទេស ព្រមទាំងបានកត់សម្គាល់ពីសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទសទាំងពីរ កម្ពុជា-អូស្ត្រាលី ហើយថា អូស្ត្រាលីនៅតែបន្តជួយដល់កងទ័ពកម្ពុជាតាមដែលលទ្ធភាពអូស្ត្រាលីមាន ជាពិសេសការងារហ្វឹកហ្វឺនដល់កងកម្លាំងដែលត្រូវទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ៕
ដោយ៖ ចាន់ សុភឿន





