បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ជូនអ្នកឃុំក្លាំងហាយ ស្រុកស្រីស្នំ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥--ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង២៦០០ម៉ែត្រ ដែលឆ្លងកាត់ភូមិចំនួនពីរ ពោលគឺភូមិល្បើក និងភូមិពង្របត់ចាត់ ស្ថិតក្នុងឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់តំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារវិស្វកម្មលេខ១៧៨ ស្ពានថ្នល់នៃក្រសួងការពារជាតិ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវផងដែរ។ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ដែលមានប្រវែង២៦០០ម៉ែត្រនេះ មានទំហំទទឹង៧ម៉ែត្រ ចញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ដោយម្ខាងៗមានទំហំ១ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងស្ថាបនាលូប្រអប់២កន្លែង និងលូមូលចំនួន៨កន្លែង។

មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅសងខាងតាមបណ្តោយដងផ្លូវនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុធី បានបញ្ជាក់ថា ផ្លូវមួយខ្សែដែលក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ឱ្យកងវិស្វកម្មលេខ១៧៨ស្ពានថ្នល់នៃក្រសួងការពារជាតិ ជាអ្នកស្ថាបនាសាងសង់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាយើង ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំក្លាំងហាយនេះ ប្រើប្រាស់ដោយមិនបានប្រកាន់គណបក្សនយោបាយណាមួយឡើយ។ ហើយសូមឱ្យបងប្អូនដែលមានលំនៅឋានអមសងខាងផ្លូវ សូមចូលរួមសហការជាមួយក្រុមការងារកងវិស្វកម្ម ក្នុងការបើកផ្លូវឱ្យបានធំទូលាយ ហើយរាល់ការប៉ះពាល់សូមបងប្អូនសុំការអធ្យាស្រ័យផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ជី ស៊ី បានលើកឡើងថា ការបើកការដ្ឋានស្ថាបនាផ្លូវជនបទនាពេលនេះ គឺជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ហើយការស្ថាបនាផ្លូវកៅស៊ូនេះដែរ ក៏ជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ បានយ៉ាងងាយស្រួលឆាប់រហ័ស ចំណាយពេលវេលាតិច ដែលកត្តានេះនឹងរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្របសម្រួលសហការជាមួយក្រុមការងារស្ថាបនាផ្លូវនេះ ឱ្យដំណើរប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស៕

ដោយ ហង្ស សៀក





