រដ្ឋបាលស្រុកថ្មពួករៀបចំយុទ្ធនាការសម្អាតបរិស្ថានទីរួមស្រុកថ្មពួក ដោយប្រមូលសំរាមបាន៧.៥តោន
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- រដ្ឋបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថានទីរួមស្រុកថ្មពួកក្រោម ប្រធានបទ “ចូលរួមលើកកម្ពស់សុខុមាលភាពសហគមន៍យើង” នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រមូលសំរាមបានជាង៧.៥តោន។ យុទ្ធនាការសម្អាតបរិស្ថាននេះដឹកនាំដោយលោក យង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួក លោក ឈើយ ជឿម អភិបាលស្រុកស្តីទីស្រុកថ្មពួក និងចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការស៊ីវិល កងម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន បរិស្ថានុរក្ស អាជ្ញាធរភូមិ ឃុំ ប្រជាការពារ និងក្រុមការងារមកពីប្រទេសកូរ៉េ នៃក្រុមការងារព្រះវិហារយើង សរុបប្រមាណជិត២០០នាក់។

ក្នុងឱកាសនោះ លោក យង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួក បានបញ្ជាក់ថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានពេលនេះ រៀបចំឡើងដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅឋានរៀងៗខ្លួន និងទីសាធារណៈដោយធ្វើការផ្សព្វផ្សាយដល់សាធារណៈជនឱ្យចូលរួមវិចខ្ចប់ទុកដាក់សំរាម និងចោលសំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុកភាព។

លោកបានឱ្យដឹងទៀតថា ក្នុងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានដែលត្រូវបានរដ្ឋបាលស្រុកថ្មពួករៀបចំធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឱ្យស្រុកថ្មពួករបស់យើង ក្លាយជាស្រុកមានបរិស្ថានល្អស្អាតដែលគួរឱ្យចង់រស់នៅ មានបរិយាកាសល្អ មានសោភ័ណភាព បង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។ ម្យ៉ាងវិញទៀតដើម្បីធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីប្រជុំជនស្រុកដែលមានអនាម័យបរិស្ថានស្អាត និងភូមិឋានគ្មានសំរាមនោះ៕

ដោយ ឈុន សារ៉ាត





