នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅរៀបចំសិក្ខាសាលាវាយតម្លៃលទ្ធផលការងារ និងរៀបចំផែនការបន្តសម្រាប់គម្រោងនវានុវត្តន៍អប់រំមធ្យមសិក្សា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ --នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាវាយតម្លៃលទ្ធផលការងារ និងរៀបចំផែនការបន្តសម្រាប់គម្រោងនវានុវត្តន៍អប់រំមធ្យមសិក្សាប្រព្រឹត្តទៅនៅសាលាគរុកោសល្យខេត្តសៀមរាប។

គម្រោងនេះមានរយៈពេល ៥ឆ្នាំ (២០២៤-២០២៩) ក្រោមទំហំថវិកាគាំទ្រ ៩០៥,៧០០ដុល្លារអាម៉េរិក ក្នុងគោលបំណងអភិវឌ្ឍវិទ្យាល័យគោល ដៅចំនួន ១៤សាលា ក្នុងខេត្តចំនួន ៣ រួមមាន ខេត្តសៀមរាប (៤សាលា) ខេត្តស្ទឹងត្រែង (៥សាលា) និងខេត្តរតនគិរី (៥សាលា)។
ជាលទ្ធផលគួរឱ្យមោទនៈ គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ គម្រោងបានសម្រេចកសាង និងប្រកាសទទួលស្គាល់ជាសាលារៀនគំរូចំនួន ៤សាលារួចមកហើយ រួមមាន ១. វិទ្យាល័យ ២៨ មករា (ខេត្តសៀមរាប) ២. វិទ្យាល័យបរកែវ (ខេត្តរតនគិរី) ៣. វិទ្យាល័យសេសានសុវត្ថិភាព (ខេត្តស្ទឹងត្រែង) និង ៤. វិទ្យាល័យតាវែង (ខេត្តរតនគិរី)។

ដើម្បីបន្តនិរន្តរភាព និងពង្រីកវិសាល ភាពបន្ថែម សិក្ខាសាលាក៏បានលើកទិសដៅសកម្មភាពរួមសំខាន់ៗមួយចំនួន ដូចជា ពង្រឹងការអនុវត្តស្តង់ដារសាលារៀនគំរូ៖ បន្តចុះពិនិត្យ ណែនាំការចងក្រង និងរៀបចំទុកដាក់ឯកសារភ័ស្តុតាងឱ្យស្របតាមស្តង់ដារកំណត់។ អភិវឌ្ឍន៍ការបង្រៀន និងការរៀន៖ ជំរុញការអនុវត្តថ្នាក់និទស្សន៍ (ថ្នាក់គំរូ) និងបណ្ដុះបណ្ដាលលោកគ្រូ អ្នកគ្រូលើវិធីសាស្ត្របង្រៀនបែបថ្មីៗ និងច្នៃប្រឌិត។ បង្កើនកិច្ចសហការ៖ ពង្រឹងយន្តការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រជោគជ័យនៃការអនុវត្តសាលាគំរូទៅកាន់បណ្ដាសាលារៀនជាសមាជិកដទៃទៀត។
យោងតាមសមិទ្ធផលដ៏ត្រចះត្រចង់ខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការភ្លែនអន្តរជាតិកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ក្រសួងក៏បានថ្លែងអំណរ គុណដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ព្រមទាំងសាលាគរុកោសល្យខេត្ត ដែលបានផ្ដល់កិច្ចសហការយ៉ាងសកម្មក្នុងការរៀបចំសិក្ខាសាលានេះឡើង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





