រដ្ឋបាលខេត្តពោធិ៍សាត់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការបង្គោលភ្លើងសូឡាតភ្ជាប់ពីចំណុចព្រំប្រទល់ក្រុងពោធិ៍សាត់ ដល់ស្រុកភ្នំក្រវាញ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦---បង្គោលភ្លើងសូឡាតភ្ជាប់ពីចំណុចព្រំប្រទល់ក្រុងពោធិ៍សាត់ ដល់ស្រុកភ្នំក្រវាញ ត្រូវបានរដ្ឋបាលខេត្តពោ ធិ៍សាត់ប្រារព្ធពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ រួមជាមួយយុទ្ធនាការដាំកូនឈើ (ដើម ក្ងោក) ក្រោមពាក្យស្លោក «ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត» ដើម្បីលើក កម្ពស់សោភណភាព និងសុវត្ថិភាពសាធារណៈ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានគូសបញ្ជា ក់ថា គម្រោងដំឡើងបង្គោលភ្លើងសូឡាចំនួន៣៤គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ១៥៥ ចំណុចបំបែកលាច រហូតដល់ដំណាក់ឈើក្រម គឺជាជំហានមួយដ៏សំខាន់ ហើយថាខេត្តមិនមែនឈប់ត្រឹមនេះទេ ពោលគឺមានគម្រោងបន្តដំឡើងបន្ថែម ៣៣គីឡូម៉ែត្រទៀត ឆ្លងកាត់បូជនីយ ដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង វត្តហ្លួង និងរង្វង់មូលក្រូច ដើម្បីធានាថាគ្រប់ផ្លូវសំខាន់ៗក្នុងខេត្តមានពន្លឺគ្រប់គ្រាន់នៅពេលយប់។

ឯកឧត្តមអភិបាលខេត្តបន្តថា ចំពោះការដាំដើមក្ងោក លោកបានដាក់ក្តីរំពឹងខ្ពស់ថា តាមរយៈការជំរុញការដាំដុះនៅតាមដងផ្លូវលេខ១៥៥ ផ្លូវជាតិលេខ៥៥ និងបណ្តាផ្លូវសំខាន់ៗក្នុងខេត្តឱ្យបានគ្រប់ គ្រាន់ក្នុងឆ្នាំ២០២៦ នោះត្រឹមឆ្នាំ ២០២៧ ខេត្តពោធិ៍សាត់នឹងមានសម្រស់បៃតងលាយឡំដោយផ្កាដ៏ស្រស់ស្អាត ផ្តល់ជាម្លប់ដ៏ត្រជាក់សម្រាប់អ្នកដំណើរ។
ឯកឧត្តម ខូយ រីដា បានលើកឡើងថា គុណប្រយោជន៍នៃអំពូលភ្លើងសូឡា គឺបានជួយបង្កើនសុវត្ថិភាព ក្នុងការធ្វើដំណើរពេលយប់ កាត់បន្ថយអំពើចោរកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងប្រើប្រាស់ថាមពលស្អាត ដែលចំណាយតិច។ ជាមួយគ្នានោះ ដើមក្ងោកដែលយើងទាំងអស់គ្នាកំពុងជំរុញការដាំដុះនេះ គឺនឹងជួយកាត់បន្ថយកម្ដៅ បន្សុទ្ធខ្យល់អាកាស និងបង្កើតបានជាសោភ័ណភាពបៃតង ដែលធ្វើឱ្យមូលដ្ឋានមានភាពទាក់ទាញ និងមានផាសុកភាព។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថា នការពារបង្គោលភ្លើង និងដើមឈើដែលដាំថ្មី ដើម្បីជាប្រយោជន៍រួម។
គួរជម្រាបជូនថា គម្រោងនេះសម្រេច ជោគជ័យបានដោយសារការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងការឧបត្ថម្ភយ៉ាងសកម្មពី ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ចុះជួយតាមបណ្តាក្រុងស្រុក ឃុំសង្កាត់ ទូទាំងខេត្ត។ កន្លងមករដ្ឋបាលខេត្តក៏បានដំឡើងភ្លើងសូឡាប្រភេទ LED រួចរាល់លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបងផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់)





