ឯកឧត្តមសេរី បណ្ឌិតលើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបរិស្ថានសាធារណៈ
AKP កំពង់ធំ ថ្ងៃទី១៤ ខែមិថុានា ឆ្នាំ២០២៦--ឯកឧត្តមសេរី បណ្ឌិតប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរីបានលើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបរិស្ថានសាធារណៈ។

ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិ ការក្រសួងធនធានទឹក និងឧតុនិយមបានលើកឡើងដូច្នេះក្នុងឱកាសដែលឯកឧត្តមនិងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាំយកអំណោយរបស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងចុះជួបសំណេះសំណាលសួរសុខទុក្ខជូនពលរដ្ឋរងគ្រោះដោយធម្មជាតិដោយបាតុភូតខ្យល់កន្ត្រាក់ និងចូលរួមដាំដើមឈើនៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំនាថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៦។

ឯកឧត្តមឯកឧត្តមសេរី បណ្ឌិតមាន ប្រសាសន៍សង្កត់ធ្ងន់ថាអំណោយដែលឯកឧត្តមបានប្រគល់ជូននៅក្នុងឱកាសនេះបានបង្ហាញឱ្យឃើញពីកាយយកចិត្តទុកដាក់និងនៅរួមរស់យ៉ាងជិតស្និទ្ធរបស់ក្រុមការងារជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គ្រប់ស្ថាន ភាពនិងពេលវេលា ជាពិសេសក្នុងគ្រាលំបាកឬជួបឧបទ្ទវហេតុនានា។
ឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាននិងយកចិត្តទុកដាក់ ចុះឱ្យដល់ផ្ទះពលរដ្ឋឬកន្លែងដែលមានបញ្ហា ប្រមូលព័ត៌មានឱ្យបានត្រឹមត្រូវគ្រប់គ្រាន់ ថែមទាំងចុះជួបជួយ រាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរស្រុកឬក្រុមការងារដើម្បីបានពិនិត្យលទ្ធភាពចុះជួយ និងសង្គ្រោះ ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។

ឯកឧត្តម សេរី បណ្ឌិត បានជុំវិញបន្ថែមដល់អាជ្ញាធរឃុំព្រះដំរី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវសហការគ្នាឱ្យបានស្អិតរមួតក្នុងការជំរុញចលនាភូមិឋានស្អាត ការដាំដើមឈើលម្អអមសងខាងផ្លូវបេតុងចាប់ពីឃុំរុងរឿងរហូតដល់អាងទឹក ៣០កញ្ញា ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃការលើកកម្ពស់បរិស្ថានឱ្យស្រស់បំព្រងថែមទាំងជាមេដែកឆក់ទេសចរណ៍ ជាផ្លូវរណបអាងទឹក៣០កញ្ញា ដែលជាកន្លែងទេសចរណ៍ក្នុងមូលដ្ឋាននិងជាចំណែកក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋមួយកម្រិតថែមទៀត។

សូមបញ្ជាក់ថា ពុកម៉ែបងប្អូនទាំង៣៥ គ្រួសារដែលបានទទួលអំណោយនៅក្នុងពេលនេះក្នុង១គ្រួសារៗទទួលបាននូវ÷អង្ក១បេ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរហើយឯកឧត្តមប្រធានក្រុមការងារបានអញ្ជើញចូលរួមដាំដើមឈើប្រមាណ ២៣ដើមនៅក្នុងភូមិកណ្ដាលផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





