បញ្ជូនជនសង្ស័យម្នាក់លើករណី ប្រើប្រាស់អាវុធជាតិផ្ទុះ សារធាតុគីមីដែលបំពុលដល់ធនធានធម្មជាតិ ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦–ជនសង្យ័យម្នាក់ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងក្រោមបទសង្ស័យលើករណី ប្រើប្រាស់អាវុធជាតិផ្ទុះ និងប្រើប្រាស់ សារធាតុគីមី ដែលបំពុលដល់ធនធានធម្មជាតិ។
ក្រសួងបរិស្ថានឱ្យដឹងនៅយប់ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៦ថាមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឃាត់ និង បញ្ជូនខ្លួនជនសង្ស័យ ១នាក់ ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់វិធានការច្បាប់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។នៅ រសៀលថ្ងៃដដែលនេះ តុលាការសាលាដំបូងខេត្ត បានសម្រេច ឃុំខ្លួនជនសង្ស័យ ទៅដាក់ពន្ធនាគាខេត្តស្ទឹងត្រែង តាមដីការសម្រេច ដោយឃុំខ្លួនបណ្តោះអាសន្ន។
ប្រភពខាងលើនេះបានឱ្យដឹងដែរថាជនសង្ស័យត្រូវបានជាប់ចោទ លើករណី ប្រើប្រាស់អាវុធជាតិផ្ទុះ សារធាតុគីមី ថ្នាំងពុល ឬឧបករណ៍ឆក់ ដែលធ្វើដោយខូចខាត ឬបំពុលដល់ធនធានធម្មជាតិ នៅចំណុចអូរកែវ ស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តភូមិចន្ទុ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦៕

ដោយ៖មករា





