ប្រធានលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនណែនាំមន្ត្រី និងសមត្ថកិច្ច ត្រូវតែធ្វើគំរូល្អចៀសវាងការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន
AKP កំពត ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានណែនាំដល់មន្ត្រី និងសមត្ថកិច្ច ត្រូវតែធ្វើគំរូល្អ ចៀសវាងការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងធ្វើឱ្យបាត់កិត្តិយស បាត់ក្របខ័ណ្ឌ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។ ការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបែបនេះ ក្នុងកិច្ចប្រជុំគោលនយោបាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃ ក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្ដកំពត ដែលរៀបចំដោយគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្តន៍ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានមានប្រសាសន៍ផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ផែនការ ដើម្បីចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់នូវផែនការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល និងបានចាត់ទុកថាបញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញជាក្តីកង្វល់របស់សកលលោកនិងប្រទេសកម្ពុជា ផងដែ។រ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកទឹកចិត្តឱ្យមន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ទន្ទឹមនឹងការបង្ក្រាបបទល្មើសគ្រឿងញៀនត្រូវបង្កើនការផ្សព្វផ្សាយអប់រំផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន កម្មវិធីប្រើប្រាស់ App NoDrug ដល់ប្រជាពលរដ្ឋដើម្បីពួកគាត់មានលទ្ធភាពចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ការពារបាននៅសុវត្ថិភាពខ្លួនឯងក្រុមគ្រួសារនិងសហគមន៍។

ជាមួយគ្នានេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរ ដល់មន្ត្រីរាជការ កងកម្លាំង នៃរដ្ឋបាលខេត្តកំពត ដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ បន្តខិតខំផ្សព្វផ្សាយទាំងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ កម្មវិធី App NoDrug ជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដោយលើកឡើងនូវពាក្យស្លោកថា "ការប្រើប្រាស់App NoDrug កាន់តែច្រើនឡើង ចំណេះដឹងប្រជាពលរដ្ឋក៏កាន់តែកើន ហើយបញ្ហាគ្រឿងញៀននៅសហគមន៍នឹងរួមតូច "។

ក្នុងឱកាសនោះ លោក សេន សាប៊ីល អភិបាលរងខេត្ដ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បានលើកឡើងថា ស្ថានភាពគ្រឿងញៀននៅខេត្តកំពតគឺមានភាពល្អប្រសើរ ដោយបទល្មើសគ្រឿងញៀនមានការថយចុះគួរឱ្យកត់សម្គាល់ ហើយរដ្ឋបាលខេត្ដ បានអនុវត្តន៍នូវបទបញ្ជាលេខ ០១ ០២ របស់រាជរដ្ឋាភិបាលដើម្បីធានាថាថ្នាក់ដឹកនាំមន្ត្រីរាជការកម្លាំងជុំវិញខេត្ត មិនទៅពាក់ព័ន្ធនឹងបញ្ហាការជួញដូរនិងប្រើប្រាស់គ្រឿងញៀនឡើយ។ លោកអភិបាលរងខេត្ដបានបញ្ជាក់ថា រដ្ឋបាលខេត្ដ បានណែនាំឱ្យគ្រប់អង្គភាពទូទាំងរដ្ឋបាលខេត្តកំពត បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំរុញបំផុសឱ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធី App NoDrug បម្រើដល់ការងារផ្សព្វផ្សាយ អប់រំ និងចំណេះដឹងអំពីបញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន៕
ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





