ប្រវត្ដិនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី៖ តើសហគមន៍នេះមកពីណា?
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦-- ចាប់ពីសតវត្សរ៍ទី១៨ និងគំនិតទសន្សវិជ្ជា ដែលកើតចេញពីសតវត្សន៍នៃពន្លឺភាសាបារាំងមានលក្ខណៈពិសេសមួយគឺបង្កប់នូវតម្លៃដែលតំណាងឱ្យភាពជាសកល។ អ្នកដំបូងគេ និងសំខាន់ជាងគេសម្រាប់តម្លៃទាំងនេះ គឺអ្នកនិពន្ធ។ ដោយសារតែហេតុផលនេះហើយ ទើបក្នុងឆ្នាំ១៩២៦ “សមាគមអ្នកនិពន្ធភាសាបារាំង (ADELF)” ត្រូវបានបង្កើតឡើង។ ដូច្នេះសមាគមនេះមានបេសកកម្មផ្តល់រង្វាន់ដល់អ្នកនិពន្ធជាជនជាតិដើម ឬជនភៀសខ្លួន ដែលនិយាយភាសាបារាំង ក្នុងដែនដីដែលប្រើប្រាស់ភាសាបារាំង។ នេះជាចំណុចចាប់ផ្តើមនៃអ្វីដែលយើងហៅថា ហ្វ្រង់កូហ្វូនី នាពេលបច្ចុប្បន្ននេះ។
ក្រោយសម័យអាណានិគម ប្រធានាធិបតី ដឺ ហ្គោល (de Gaulle) ចង់ឱ្យទំនាក់ទំនងរបស់ប្រទេសបារាំង ជាមួយបណ្ដាប្រទេសធ្លាប់ស្ថិតក្រោមអាណានិគមរបស់ខ្លួន ឈានទៅរកកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវប្បធម៌។ គំនិតនេះត្រូវបានរៀបចំឡើងបន្តិចម្ដងៗ ជាពិសេស ក្នុងឆ្នាំ១៩៦១ ជាមួយ “សមាគមសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំងមួយផ្នែក ឬទាំងស្រុង” ដោយបច្ចុប្បន្ននេះត្រូវបានគេហៅថា “ទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូនី” និងនៅក្នុង១៩៦៧ “សមាគមអន្តរជាតិសភានិយាយភាសាបារាំង” ដោយសព្វថ្ងៃនេះត្រូវបានហៅថា “សភាហ្រ្វង់កូហ្វូនី”។

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៦៩ តបតាមការអញ្ជើញរបស់ប្រធានធិបតីនីហ្សេរីយ៉ា ឯកឧត្តម Hamani Diori ដែលទទួលបានការគាំទ្រពីព្រះបាទ នរោត្តម សីហនុ ប្រមុខរដ្ឋនៃប្រទេសកម្ពុជា ឯកឧត្តម Léopold Sédar Senghor ប្រធានាធិបតីសេនេហ្កាល់ និងឯកឧត្តម Habib Bourguiba ប្រធានាធិបតីទុយនេស៊ី កិច្ចប្រជុំមួយនៃតំណាងប្រទេសហ្វ្រង់កូហ្វូនជិត៣០ប្រទេស បានប្រព្រឹត្តទៅជាលើកដំបូងនៅនីយ៉ាមេ (Niamey)។ គោលបំណង នៃកិច្ចប្រជុំនោះគឺដើម្បីផ្តល់នូវទម្រង់ស្ថាប័នមួយដល់កិច្ចសហប្រតិបត្តិការពហុភាគីរវាងបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំង ដើម្បីបង្កើតសហភាពវប្បធម៌ និងបច្ចេកទេសរវាងបណ្ដាប្រទេសទាំងនោះ។ នៅថ្ងៃទី២០ ខែកុម្ភៈ ភាគីចូលរួមបានអនុម័តដំណោះស្រាយមួយដែលណែនាំឱ្យមានការបង្កើតរចនាសម្ព័ន្ធអចិន្ត្រៃយ៍ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពហុភាគីត្រូវធ្វើឡើងដោយគោរពតាមយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ និងការលើកកម្ពស់វប្បធម៌ជាតិរៀងៗខ្លួន។
ដូចដែលឯកឧត្តមប្រធានាធិបតី Hamani Diori បានថ្លែងក្នុងរយៈពេល១ឆ្នាំក្រោយមកថា៖ “សំឡេងដ៏មានអំណាចបំផុតបានបង្ហាញដោយភាពច្បាស់លាស់ និងជាឧឡារិកអំពីសេចក្តីប្រាថ្នាយ៉ាងជ្រាលជ្រៅរបស់មនុស្សជិតពីររយលាននាក់ដែលដឹងថាខ្លួនជាកម្មសិទ្ធិរបស់សហគមន៍តែមួយ ហើយបានសម្រេចចិត្តរៀបចំសហគមន៍នេះតាមស្ថាប័ន ដើម្បីបញ្ជាក់ និងអភិវឌ្ឍ - ក្នុងសមភាពជាបងប្អូន - កិច្ចសហប្រតិបត្តិការពហុភាគីលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស”។
ឆ្នាំបន្ទាប់មក នៅទីក្រុងនីយ៉ាមេដដែល នាថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ តំណាងរដ្ឋចំនួន២១ ដែលប្រើប្រាស់ភាសាបារាំងរួមគ្នា បានអនុម័តអនុសញ្ញាស្ដីពីការបង្កើត “ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT)”។ ទីភ្នាក់ងារនេះជាអង្គការអន្តររដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងជុំវិញការចែករំលែកការប្រើប្រាស់ភាសាតែមួយរួមគ្នា គឺភាសាបារាំង ដោយទទួលបន្ទុកលើការលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌របស់សមាជិកខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេសរវាងគ្នា។

សមិទ្ធផលជាក់ស្តែងរបស់ ACCT ក្នុងឆ្នាំ១៩៧៨ ក្រុមប្រឹក្សាអន្តរជាតិវិទ្យុ-ទូរទស្សន៍ដែលប្រើប្រាស់ភាសាបារាំង (CIRTEF) ត្រូវបានបង្កើតឡើង។ ដោយបច្ចុប្បន្នមានបណ្ដាញវិទ្យុ និងទូរទស្សន៍ចំនួន៤៤ប៉ុស្តិ៍ ដែលប្រើប្រាស់ភាសាបារាំងទាំងស្រុង ឬមួយផ្នែក ក្រុមប្រឹក្សានេះបានអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងគ្នា តាមរយៈការផ្លាស់ប្ដូរកម្មវិធី ការផលិតរួមគ្នា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងឆ្នាំ១៩៧៩ តាមការផ្តួចផ្តើមរបស់ Jacques Chirac អភិបាលក្រុងប៉ារីស អភិបាលរដ្ឋធានី និងទីក្រុងធំៗដែលប្រើប្រាស់ភាសាបារាំងមួយផ្នែក ឬទាំងស្រុង បានបង្កើតបណ្ដាញរបស់ខ្លួន៖ សមាគមអន្តរជាតិអភិបាលក្រុងនិយាយបារាំង។
ក្នុងឆ្នាំ១៩៨៤ ប៉ុស្តិ៍ទូរទស្សន៍ប្រើប្រាស់ភាសាបារាំង TV5 បានចាប់កំណើតចេញពីសម្ព័ន្ធភាពនៃប៉ុស្តិ៍ទូរទស្សន៍រដ្ឋចំនួន៥៖ TF1, Antenne 2 et FR3 សម្រាប់ប្រទេសបារាំង la RTBF សម្រាប់សហគមន៍បារាំងនៃប្រទេសប៊ែលហ៊្សិក និង la TSR សម្រាប់ប្រទេសស្វីស។ ប៉ុស្តិ៍ទូរទស្សន៍ទាំងនោះត្រូវបានចូលរួមក្នុងឆ្នាំ១៩៨៦ ដោយសម្ព័ន្ធទូរទស្សន៍សាធារណៈកេប៊ិក-កាណាដា។ TV5 Africa និង TV5 Latin America ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ បន្ទាប់មកដោយ TV5 Asia ក្នុងឆ្នាំ១៩៩៥ហើយបន្ទាប់មក TV5 United States និង TV5 Middle East ក្នុងឆ្នាំ១៩៩៨។ ប៉ុស្តិ៍នេះដែលត្រូវបានគេស្គាល់ថាជា TV5 MONDE តាំងពីឆ្នាំ២០០១ មកទល់ឥឡូវនេះមានប៉ុស្តិ៍ទូរទស្សន៍ចំនួនប្រាំពីរ និង TV5 Quebec-Canada។ ដោយបានផ្សព្វផ្សាយដល់ផ្ទះជាង៣០០ លានខ្នងនៅទូទាំងពិភពលោក ប៉ុស្តិ៍ទូរទស្សន៍គឺជាឧបករណ៍ផ្ទុកដ៏សំខាន់របស់ហ្វ្រង់កូហ្វូនីនៅក្នុងភាពចម្រុះនៃការសម្ដែង និងវប្បធម៌។

ក្នុងឆ្នាំ១៩៨៦ “មជ្ឈមណ្ឌលអាន និងសកម្មភាពវប្បធម៌” ដំបូង ត្រូវបានសម្ពោធ ដែលអនុញ្ញាតឱ្យប្រជាជននៅតាមជនបទ និងសង្កាត់ដែលជួបការលំបាកទទួលបានសៀវភៅ និងវប្បធម៌។ បច្ចុប្បន្ននេះ មានមជ្ឈមណ្ឌលជាង៣០០ ក្នុងចំណោមនោះ បានរីកដុះដាលពាសពេញប្រទេសប្រមាណ២០។
ក្នុងឆ្នាំ១៩៨៨ ACCT បង្កើត “មូលនិធិរូបភាព” មួយដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ បានជួយដល់ការផលិតស្នាដៃភាពយន្ត និងទូរទស្សន៍រាប់ពាន់។
ក្នុងឆ្នាំ១៩៩៣ “ទីផ្សារសិល្បៈទស្សនីយភាពអាហ្វ្រិក MASA” លើកដំបូង ត្រូវបានរៀបចំឡើងនៅទីក្រុង Abidjan (កូដឌីវ័រ)។ ទន្ទឹមនឹងនេះ កម្មវិធីគាំទ្រសម្រាប់ការចរាចររបស់សិល្បករ និងស្នាដៃរបស់ពួកគេ ដែលរំលឹកដល់ការបង្កើតសិល្បៈមានជីវិត និងសិល្បៈទស្សនីយភាព ត្រូវបានដាក់ឱ្យដំណើរការ។
ក្នុងឆ្នាំ២០០១ ទីភ្នាក់ងារបានបង្កើតរង្វាន់អក្សរសិល្ប៍ថ្មីមួយ “រង្វាន់ទ្វីបទាំង៥នៃហ្វ្រង់កូហ្វូនី” ដែលផ្តល់ជារៀងរាល់ឆ្នាំដល់ប្រលោមលោកភាសាបារាំង។ បុគ្គលល្បីៗក្នុងអក្សរសិល្ប៍ប្រើប្រាស់ភាសាបារាំងបានចូលរួមធ្វើជាគណៈកម្មការ រួមមាន៖ Jean-Marie Gustave Le Clésio, René de Obaldia, Vénus Khoury Ghatta, Lionel Trouillot។
មាត្រាដ្ឋាននយោបាយថ្មីមួយ
កិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងរួមគ្នា ដែលត្រូវបានហៅជារួមថា “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន” បានប្រព្រឹត្តទៅជាលើកទី១ ក្នុងឆ្នាំ១៩៨៦ នៅទីក្រុង Versailles (ប្រទេសបារាំង) តបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋបារាំង គឺឯកឧត្តម François Mitterrand។ រដ្ឋ និងរដ្ឋាភិបាលចំនួន៤២បានចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ និងបានជ្រើសរើសយកវិស័យចំនួន៤សំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី៖ ការអភិវឌ្ឍ ឧស្សាហកម្មវប្បធម៌ និងទំនាក់ទំនង ឧស្សាហកម្មភាសា និងការអភិវឌ្ឍបច្ចេកវិទ្យាភ្ជាប់ជាមួយការស្រាវជ្រាវ និងព័ត៌មានវិទ្យាសាស្ត្រ។
ចាប់តាំងឆ្នាំ១៩៨៦មក កិច្ចប្រជុំហ្វ្រង់កូហ្វូនីចំនួន១៩ ត្រូវបានធ្វើឡើង។ មុនកិច្ចប្រជុំកំពូលលើកទី២០ដែលនឹងប្រព្រឹត្តទៅនៅភ្នំពេញ កិច្ចប្រជុំកំពូលចំនួន៣ចុងក្រោយបានប្រព្រឹត្តទៅក្នុងឆ្នាំ២០១៨ នៅ Erevan (អាម៉េនី) ឆ្នាំ២០២២ នៅ Djerba (ទុយនេស៊ី) និង ឆ្នាំ២០២៤ នៅ à Villers-Cotterêts និងប៉ារីស (ប្រទេសបារាំង)។ ការពិគ្រោះយោបល់ផ្នែកនយោបាយកម្រិតខ្ពស់នេះបានពង្រឹងជំហររបស់ហ្វ្រង់កូហ្វូនីលើឆាកអន្តរជាតិ ខណៈដែលកំពុងពង្រីកវិសាលភាពសកម្មភាព និងកែលម្អរចនាសម្ព័ន្ធ និងរបៀបធ្វើប្រតិបត្តិការរបស់ខ្លួន។ ចាប់ពីឆ្នាំ១៩៩៥មក ហ្វ្រង់កូហ្វូនីមានតំណែងអគ្គលេខាធិការមួយរូប។
អគ្គលេខាធិការដំបូងគេត្រូវបានជ្រើសរើសក្នុងឆ្នាំ១៩៩៧ គឺលោក Boutros Boutros-Ghali ដែលជាអតីតអគ្គលេខាធិការអង្គការ សហ ប្រជាជាតិ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៅហាណូយ នាឆ្នាំដដែល កតិកាសញ្ញាហ្វ្រង់កូហ្វូនី ដែលជាឯកសារយោងសំខាន់ ត្រូវបានអនុម័ត។ ក្នុងឆ្នាំ២០០២ លោក Abdou Diouf អតីតប្រធានាធិបតីសេនេហ្គាល់ បានក្លាយជាអគ្គលេខាធិការ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល Beyrouth។ លោកបានផ្តល់កម្លាំងចលករថ្មីដល់សកម្មភាពនយោបាយរបស់ OIF និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ។ ក្នុងឆ្នាំ ២០១៤ ក្នុងកិច្ចប្រជុំកំពូល Dakar លោកស្រី Michaëlle Jean អតីតអគ្គទេសាភិបាលកាណាដា បានក្លាយជាអគ្គលេខាធិការ។ ក្នុងឆ្នាំ២០១៦ លោកស្រីធ្វើឱ្យមានការអនុម័តនៅ Antananarivo (ម៉ាដាហ្កាស្កា) នូវសនិទានកម្មរចនាសម្ព័ន្ធហ្វ្រង់កូហ្វូនី និងរបៀបធ្វើប្រតិបត្តិការរបស់ខ្លួន។ ការហៅឈ្មោះ “អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)” ត្រូវបានអនុម័ត។ ក្នុងឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំ Erevan (អាម៉េនី) លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការបច្ចុប្បន្ន និងជាអតីតរដ្ឋមន្ត្រីការបរទេសរវ៉ាន់ដា បានឡើងដឹកនាំ OIF។ លោកជំទាវបានបន្តអាណត្តិរបស់ខ្លួន ក្នុងឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូល Djerba។

បន្ថែមពីលើវិស័យវប្បធម៌ និងអប់រំដែលជាវិស័យដើមនៃកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន វិស័យនយោបាយ (សន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស) ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថលត្រូវបានបន្ថែម ក្នុងអំឡុងពេលនៃកិច្ចប្រជុំ។ វិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍដោយចីរភាព (IFDD) ត្រូវបានបង្កើតឡើងនៅកេប៊ិច ក្នុងឆ្នាំ១៩៨៨ ហើយវិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាល (IFEF) នៅDakar ក្នុងឆ្នាំ២០២៥។
នៅចន្លោះឆ្នាំ១៩៧០ និង២០២៦ បណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងរួម បានបង្កើតជាសហគមន៍មួយដែលមានរចនាសម្ព័ន្ធ និងរដ្ឋជាសមាជិកចំនួន៩០។ ក្នុងរយៈពេល៥៦ឆ្នាំ ក្ដីសម្រៃនៃការធ្វើឱ្យភាសារួមមួយក្លាយជាឧបករណ៍នៃការចែករំលែក ការអភិវឌ្ឍ និងសន្តិភាព សម្រាប់មនុស្ស៣៩៦លាននាក់ បានក្លាយជាការពិតដែលទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ៕
ដោយ៖ រ៉ាអ៊ូល ម៉ាក ជេណា (Raoul M. JEANNAR)





