នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិ អំពាវនាវឱ្យមានការគាំទ្របន្ទាន់ដល់គ្រួសារភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគមន៍ដែលត្រូវបានជម្លៀសចេញដោយជម្លោះព្រំដែនកម្ពុជា-ថៃ លោក Amitabh Behar នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិ បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ និងប្រកបដោយនិរន្តរភាព ដើម្បីជួយប្រជាជនកម្ពុជា រាប់ពាន់គ្រួសារឱ្យត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ស្តារជីវភាពរស់នៅ និងកសាងអនាគតរបស់ពួកគេឡើងវិញដោយសេចក្តីថ្លៃថ្នូរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមអន្តរជាតិចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៧ ខែកក្កដា និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកប្រមាណ ៦២ ០០០ នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈប្រជាពលរដ្ឋចំនួន ២០ ៩២៣ នាក់ ក្នុងនោះស្ត្រី ១០ ៦៧៤ នាក់ និងកុមារ ៦ ០៦៦ នាក់ ស្នាក់នៅក្នុងភូមិបណ្តោះអាសន្នដែលបានដាក់នាមថា “ភូមិរង់ចាំ” មិនអាចត្រលប់ទៅផ្ទះវិញ ដោយសារផ្ទះរបស់គាត់ស្តិតនៅក្នុងតំបន់ ជម្លោះ និងតំបន់កំពុងកាន់កាប់ដោយកម្លាំងសមត្ថកិច្ចថៃ និងវត្តមាននៃយុទ្ធភ័ណ្ឌមិនទាប់ផ្ទុះនៅក្នុងភូមិរបស់ពួកគាត់។

និយាយទាំងទឹកភ្នែក លោកស្រី ប្រាក់ សោភ័ណ្ឌ អាយុ ៦៤ឆ្នាំ មិនអាចដើរបាន និងស្ថិតក្នុងស្ថានភាពសុខភាពទ្រុឌទ្រោម បាននិយាយប្រាប់ថា៖ «ចង់ទៅផ្ទះវិញ តែមិនដឹងពេលណាទៅបាន។ យើងបានបាត់បង់ប្រាក់ចំណូល សត្វចិញ្ចឹម និងអ្វីៗជាច្រើនទៀត សូមកុំបោះបង់ខ្ញុំចោល។»
ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគមន៍ភៀសសឹកនៅ ភូមិរង់ចាំ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក Behar បានឮដោយផ្ទាល់ពីអ្នកភូមិដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនហើយគ្រួសារជាច្រើននៅតែប្រឈមនឹងភាពមិនច្បាស់លាស់ក្នុងការត្រឡប់ទៅផ្ទះវិញ មិនច្បាស់លាស់ក្នុងការស្តារជីវភាពឡើងវិញ និងធានានូវស្ថិរភាពអនាគតកូនៗពួកគេ។
លោក Amitabh Behar នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិ បានមានប្រសាសន៍ថា ខណៈពេលដែលបទឈប់បាញ់បាននាំមកនូវក្តីសង្ឃឹម និងបានបញ្ចប់អំពើហិង្សាភ្លាមៗ វិបត្តិនេះមិនទាន់បានបញ្ចប់ទេសម្រាប់រាប់ពាន់គ្រួសារដែលមិនអាចត្រឡប់ទៅលំនៅដ្ឋានដើមរបស់គាត់។ លោកបានបញ្ជាក់ថា៖ «ប្រជាជនចង់ត្រឡប់ទៅផ្ទះវិញ កសាងជីវិតរបស់ពួកគេឡើងវិញ និងធានាអនាគតសម្រាប់កូនៗរបស់ពួកគេ ប៉ុន្តែនេះនឹងតម្រូវឱ្យមានជំនួយសង្គ្រោះបន្ទាន់ច្រើនជាងនេះ។ ការវិនិយោគប្រកបដោយនិរន្តរភាពលើជីវភាពរស់នៅ លទ្ធភាពទទួលបានដីធ្លី ការងារ និងការគាំទ្រការស្តារឡើងវិញរយៈពេលវែងគឺចាំបាច់ ដូច្នេះគ្រួសារអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងកសាងជីវិតរបស់ពួកគេឡើងវិញដោយសេចក្តីថ្លៃថ្នូរ»។
បើតាមអង្គការអុកស្វាមអន្តរជាតិ ការទទួលបានទឹកស្អាត គឺជាតម្រូវការបន្ទាន់បំផុតមួយសម្រាប់គ្រួសារដែលត្រូវផ្លាស់ទីលំនៅ។ បើគ្មានទឹកស្អាតសម្រាប់ផឹកទេ ស្ត្រី បុរស និងកុមារប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺដែលបង្កឡើងដោយទឹក អនាម័យមិនល្អ និងស្ថានភាពសុខភាពកាន់តែយ៉ាប់យ៉ឺន ជាពិសេសក្នុងចំណោមមនុស្សចាស់ ជនមានពិការភាព និងកុមារតូចៗ។ ការទទួលបានទឹកស្អាតដែលអាចទុកចិត្តបានគឺចាំបាច់ក្នុងការការពារសុខភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាព។

ចាប់ពីថ្ងៃដំបូងនៃការជម្លៀស អង្គការអុកស្វាម បានធ្វើការជាមួយដៃគូ អង្គការក្រុមទ្រទ្រង់ភូមិ (VSG) សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) អង្គការរស់នៅ និងសិក្សានៅកម្ពុជា (LLC) អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជនបទ (HURREDO) និងអាជ្ញាធរមូលដ្ឋាន ដើម្បីវាយតម្លៃឆាប់រហ័សនូវអ្វីដែលគ្រួសារត្រូវការជាបន្ទាន់បំផុត។ នៅខែតុលា ឆ្នាំ២០២៦ យើងបានធ្វើការវាយតម្លៃម្តងទៀតនៅទូទាំងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ គ្រួសារដែលផ្លាស់ទីលំនៅនៅតែបន្តប្រឈមមុខនឹងបញ្ហាសំខាន់ៗ។ មនុស្សជាច្រើនបានបាត់បង់ផ្ទះសម្បែង សត្វពាហនៈ ឧបករណ៍កសិកម្ម និងទ្រព្យសម្បត្តិផលិតកម្មផ្សេងទៀត។ ការទទួលបានដីកសិកម្មនៅតែមានកម្រិតនៅក្នុងតំបន់មួយចំនួន ឱកាសប្រាក់ចំណូលបានធ្លាក់ចុះ ហើយភាពមិនច្បាស់លាស់នៅតែបន្តធ្វើឱ្យអន្តរាយដល់ការស្តារឡើងវិញ។
តាមរបាយការណ៍របស់អង្គការអុកស្វាមបានឱ្យដឹងថា ស្ត្រី កុមារ មនុស្សចាស់ ជនមានពិការភាព និងគ្រួសារក្រីក្រនៅតាមជនបទ គឺជាក្រុមដែលងាយរងហានិភ័យ និងរងផលប៉ះពាល់ខ្លាំងបំផុត។ គ្រួសារជាច្រើនកំពុងជួបប្រទះបញ្ហាអស់លុយសន្សំ ជំពាក់បំណុល និងបាត់បង់ឱកាសរកប្រាក់ចំណូល។ ពលករចំណាកស្រុករាប់សែននាក់ត្រូវបានបង្ខំឱ្យត្រឡប់មកវិញ និងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះ ក៏កំពុងប្រឈមមុខនឹងកង្វះការងារ បាត់បង់ចំណូល ដែលទាំងនេះបង្កើនហានិភ័យនៃភាពក្រីក្រដែលអូសបន្លាយ។
នៅពេលដែលគ្រួសារដែលរងការផ្លាស់ទីលំនៅនៅតែបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជា អង្គការអុកស្វាមសូមអំពាវនាវដល់អាជ្ញាធរជាតិ ស្ថាប័នក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងវិនិយោគលើដំណោះស្រាយដែលអាចប្រើប្រាស់បាន ដែលដោះស្រាយតម្រូវការមនុស្សធម៌ភ្លាមៗ ដើម្បីសន្តិភាព ការស្តារឡើងវិញរយៈពេលវែង ភាពធន់ និងជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។
ជាមួយគ្នានេះដែរ លោក Amitabh Behar បានបញ្ជាក់បន្ថែមថា៖ «ការស្តារជីវភាពឡើងវិញមិនត្រឹមតែអំពីការត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះទេ វាគឺអំពីការស្តារនិង កសាងសេដ្ឋកិច្ចមូលដ្ឋាន និងធានាថាសហគមន៍អាចឈានទៅមុខដោយសុវត្ថិភាព និងក្តីសង្ឃឹម។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីធានាថាគ្រួសារដែលរងផលប៉ះពាល់ដោយជម្លោះ មានការគាំទ្រ និងឱកាសដែលពួកគេត្រូវការដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ»។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Amitabh Behar ក៏បានជួបជាមួយដៃគូសង្គមស៊ីវិល តំណាងយុវជន អ្នកសារព័ត៌មាន ក្រសួងបរិស្ថាន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត រួមមានតំណាងរដ្ឋាភិបាលអូស្ត្រាលី ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងគណៈប្រតិភូសហភាពអឺរ៉ុប។ ការចូលរួមទាំងនេះបានផ្តល់ឱកាសដើម្បីផ្លាស់ប្តូរទស្សនៈ ពង្រឹងកិច្ចសហការ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយវិសមភាព ជំរុញយុត្តិធម៌អាកាសធាតុ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅកម្ពុជា៕
ដោយ៖ រិទ្ធី, ប្រភព៖ អង្គការអុកស្វាមអន្តរជាតិ





