លោក ថាំង វីយុទ្ធដា លើកទឹកចិត្តអង្គបោះឆ្នោតត្រូវជ្រើសរើសបេក្ខភាពដែលមានស្វាមីភ័ក្តិចំពោះពលរដ្ឋ និងគណបក្ស ហើយបម្រើប្រជាពលរដ្ឋប្រកបដោយឆន្ទ: និងទំនួលខុសត្រូវខ្ពស់
AKP កំពង់ធំ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ -- លោក ថាំង វីយុទ្ធដា លើកទឹកចិត្តអង្គបោះឆ្នោតត្រូវជ្រើសរើសបេក្ខភាពដែលមានស្វាមីភ័ក្តិចំពោះពលរដ្ឋ និងគណបក្ស ហើយបម្រើប្រជាពលរដ្ឋប្រកបដោយឆន្ទ: និងទំនួលខុសត្រូវខ្ពស់។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដូច្នេះក្នុងឱកាសបោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង។

លោក ថាំង វីយុទ្ធដា បានសង្កត់ធ្ងន់ថា ការបោះឆ្នោតស្ទាបស្ទង់មតិនៅថ្ងៃនេះ គឺជាការប្រើសំឡេងផ្ទាល់របស់ពលរដ្ឋក្នុងមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានឃុំ ស្របតាមគោលការណ៍តម្លាភាព និងលទ្ធិប្រជាធិបតេយ្យ ដើម្បីជ្រើសរើសបេក្ខភាពដែលមានសក្តានុពលត្រៀមយកទៅឈរឈ្មោះធ្វើជាបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។
លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថា លោកចង់ឃើញសមាសភាពក្រុមប្រឹក្សាឃុំអាណត្តិក្រោយចេញពីការបោះឆ្នោត និងចេញពីគ្រប់បណ្ដាភូមិផ្ទាល់នៃឃុំបន្ទាយស្ទោង ស្រុកស្ទោងព្រោះកន្លងទៅ ពុំទាន់មានសមាសភាពរាយចម្រុះសព្វគ្រប់ពីតាមបណ្ដាភូមិដែលបាននៅជិតស្និទ្ធជាមួយប្រជាពលរដ្ឋនៅឡើយទេ ហើយបេក្ខភាពគ្រប់រូបដែលមិនបានជាប់ស្ថាពរសម្រាប់ជ្រើសរើសជាបេក្ខភាពពេញសិទ្ធបន្តឈរឈ្មោះឱ្យគេបោះឆ្នោត ក៏នៅតែបន្តរួមរស់ជីវភាព និងមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជន ជាមួយក្រុមការងារចុះមូលដ្ឋានឃុំ និងជាមួយប្រជាពលរដ្ឋយើងគ្រប់កាលៈទេសៈ។


លើសពីនេះទៀត បេក្ខភាពដែលបានជាប់ស្ថាពរក្នុងការជ្រើសរើសឱ្យឈរឈ្មោះបោះឆ្នោតជាមេឃុំ ឬបានជាប់ជាមេឃុំ ឬក្រុមប្រឹក្សាឃុំ ត្រូវបន្តអភិវឌ្ឍន៍ខ្លួនបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ជាពិសេសជម្រះចោលនូវភាពអវិជ្ជមានមួយចំនួនរបស់ខ្លួន ហើយបន្តបម្រើប្រជាពលរដ្ឋមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយឡើយ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលបាននិងតែងតែចង្អុលបង្ហាញក្នុងការយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ជីវភាព ប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង ជាពិសេសការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែម ដូចជាទំនប់ស្ទាក់ទឹកចន្លុះ កាត់ស្ទឹងស្ទោង ដែលអាចស្តុកទឹកស្រោចស្រពស្រែស្រូវកសិករជាច្រើនរយហិចតា និងអាចបង្កបង្កើនផលបាន ៣ដងក្នុង ១ឆ្នាំ ជាមួយនឹងទិន្នផលខ្ពស់ថែមទៀត។


គួរបញ្ជាក់ថា ឃុំបន្ទាយស្ទោង មានសមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន ៧រូប ហើយអង្គបោះឆ្នោតដែលត្រូវបោះឆ្នោតស្ទាបស្ទង់ថ្ងៃនេះមានចំនួន ៤៤៥នាក់ ដែលបេក្ខភាពឈរឈ្មោះមាន២១រូប ហើយអង្គបោះឆ្នោតត្រូវបោះឆ្នោតជ្រើសរើសយក ៧រូប៕
ដោយ៖ ស៊ុម វណ្ណា





