អភិបាលរងខេត្តបន្ទាយមានជ័យ ជំរុញយុវជន និងសិស្សានុសិស្សចូលរួមទប់ ស្កាត់គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអនាគតខ្លួនឯង និងសង្គមជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦---លោក យឹម សំណាង អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយ មានជ័យ បានជំរុញឱ្យយុវជន និងសិស្សានុសិស្សបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ចេះបដិសេធការអូសទាញឱ្យប្រើប្រាស់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុខភាព អាយុជីវិត សុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមកសាងសង្គមប្រកបដោយសុវត្ថិភាព និងសុខដុមរមនា។
ការជំរុញនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿង ញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសិស្សានុសិស្សក្នុងស្រុកភ្នំស្រុក សរុបប្រមាណជាង ១៥០នាក់ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកភ្នំស្រុក។
ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោក យឹម សំណាង តំណាងលោក កែ សួន សុភាព ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋានខេត្ត ស្រុក ឃុំ និងកងកម្លាំងទាំងបី ព្រមទាំងមានការចូលរួមពីលោកស្រី ចំរើន ដាណេ ប្រធាន ស.ស.យ.ក. ស្រុកភ្នំស្រុក។

មានប្រសាសន៍ក្នុងឱកាសនោះ លោក យឹម សំណាង បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹង និងការយល់ដឹងត្រឹមត្រូវរបស់យុវជន និងសិស្សានុសិស្សអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមទាំងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត គ្រួសារ និងសង្គមជាតិ។ ការយល់ដឹងច្បាស់លាស់នឹងជួយឱ្យយុវជនមានភាពម្ចាស់ការលើខ្លួនឯង ចេះវិនិច្ឆ័យរវាងអំពើត្រឹមត្រូវ និងអំពើដែលនាំឱ្យមានហានិភ័យ ព្រមទាំងអាចបដិសេធការល្បួង ឬសម្ពាធពីមិត្តភក្តិ និងជនមិនល្អដែលប៉ុនប៉ងអូសទាញឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកអភិបាលរងខេត្តបានលើកឡើងថា ការបង្ការទប់ស្កាត់គ្រឿងញៀនមិនអាចពឹងផ្អែកតែលើសមត្ថកិច្ច ឬស្ថាប័នណាមួយតែមួយមុខនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់ភាគី ជាពិសេសយុវជន សិស្សានុសិស្ស គ្រួសារ សាលារៀន សហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ ដូច្នេះ យុវជនត្រូវចេះការពារខ្លួនពីឥទ្ធិពលអវិជ្ជមាន មិនសាកល្បងប្រើប្រាស់គ្រឿងញៀន មិនចូលរួមក្នុងសកម្មភាពចែកចាយ និងត្រូវហ៊ានផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ច ឬអាជ្ញាធរមានសមត្ថកិច្ច នៅពេលបានដឹងអំពីសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន ដោយគោរពតាមច្បាប់ និងប្រើប្រាស់មធ្យោបាយរាយការណ៍ប្រកបដោយសុវត្ថិភាព។

លោកបានសង្កត់ធ្ងន់ថា យុវជន និងសិស្សានុសិស្សគឺជាកម្លាំងស្នូលសម្រាប់អនាគតប្រទេសជាតិ ហេតុនេះ ការរក្សាខ្លួនឱ្យជៀសផុតពីគ្រឿងញៀន ការខិតខំសិក្សារៀនសូត្រ ការប្រកាន់ខ្ជាប់នូវសីលធម៌ និងការចូលរួមក្នុងសកម្មភាពសង្គមជាវិជ្ជមាន គឺជាមូលដ្ឋានសំខាន់ក្នុងការកសាងធនធានមនុស្សប្រកប ដោយគុណភាព។ យុវជនម្នាក់ៗត្រូវធ្វើជាគំរូល្អក្នុងគ្រួសារ សាលារៀន និងសហគមន៍ ព្រមទាំងចែករំលែកចំណេះដឹងដល់មិត្តភក្តិ និងអ្នកនៅជុំវិញខ្លួន ដើម្បីរួមគ្នាបង្កើតបរិយាកាសរស់នៅដែលគ្មានគ្រឿងញៀន។
ទន្ទឹមនឹងការទប់ស្កាត់គ្រឿងញៀន លោក យឹម សំណាង ក៏បានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដោយចាត់ទុកថា ការយល់ដឹង និងការអនុវត្តច្បាប់ចរាចរណ៍ គឺជាកត្តាចាំបាច់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងការពារអាយុជីវិតអ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ យុវជន និងសិស្សានុសិស្សត្រូវស្គាល់ច្បាប់ និងសញ្ញាចរាចរណ៍ ចេះគោរពសិទ្ធិអ្នកដទៃនៅលើដងផ្លូវ ពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ ពាក់ខ្សែក្រវាត់សុវត្ថិភាពពេលជិះរថយន្ត និងមិនបើក បរក្នុងស្ថានភាពដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។


លោកបានបន្តថា ការអប់រំអំពីច្បាប់ចរាចរណ៍មិនគួរបញ្ចប់ត្រឹមការស្តាប់ការផ្សព្វផ្សាយនោះទេ ប៉ុន្តែត្រូវបម្លែងចំណេះដឹងទៅជាការអនុវត្តជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ។ ជាពិសេស សិស្សា នុសិស្សត្រូវមានស្មារតីប្រុងប្រយ័ត្នពេលធ្វើដំណើរទៅសាលារៀន និងត្រឡប់ទៅផ្ទះ ព្រមទាំងផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅកាន់សមាជិកគ្រួសារ ដើម្បីបង្កើតវប្បធម៌គោរពច្បាប់ និងសុវត្ថិភាពចរាចរណ៍នៅក្នុងសហគមន៍។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តបានលើកទឹកចិត្តឱ្យ ស.ស.យ.ក. សាលារៀន អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បន្តសហការរៀបចំសកម្មភាពអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជាប្រចាំ ដោយប្រើប្រាស់វិធីសាស្ត្រដែលងាយយល់ និងសមស្របនឹងយុវវ័យ ដើម្បីឱ្យសារអប់រំអាចជ្រាបចូលទៅក្នុងការគិត និងការប្រព្រឹត្តរបស់យុវជនគ្រប់រូប។

តាមរយៈសកម្មភាពនេះ ការផ្សព្វផ្សាយអំពីការទប់ស្កាត់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមតែជាការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការពង្រឹងស្មារតីទទួលខុសត្រូវ និងការចូលរួមរបស់យុវជនក្នុងការការពារខ្លួនឯង គ្រួសារ និងសហគមន៍។ ការរួមគ្នាបង្ការ ការហ៊ានបដិសេធគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ គឺជាជំហានដ៏សំខាន់ក្នុងការកសាងសង្គមដែលមានសុវត្ថិភាព សុខភាពល្អ និងមានធនធានមនុស្សសម្រាប់បន្តអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕
ដោយ ៖ឈុនសារ៉ាត





