សម្តេចធិបតី៖ ខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប គឺជាខួប ២០ឆ្នាំដ៏ជោគជ័យនៃការផ្លាស់ប្ដូររបស់កម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា ខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាខួប ២០ឆ្នាំដ៏ជោគជ័យនៃការផ្លាស់ប្ដូររបស់កម្ពុជា ដែលធ្លាប់តែហែហួរដោយសង្គ្រាម និងធ្លាប់តែល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ និងជាចម្ការមីន ទៅជាកម្ពុជាថ្មីដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមរក្សាសណ្តាប់ធ្នាប់តំបន់ និងសកល ក៏ដូចជាការចូលរួមការពារសន្តិភាពពិភពលោកផងដែរ។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ជោគជ័យទាំងនេះ គឺជាសមិទ្ធផលនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា ការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដែលយើងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ។ សម្តេចមហាបវរធិបតីបានបន្តថា សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីបានសម្រេចបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទឲ្យចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០០៦ តាមការអំពាវនាវរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ចាប់ផ្ដើមពីកងបោសសម្អាតមីនចំនួន ១៣៥នាក់នៅប្រទេសស៊ូដង់ មកដល់ពេលនេះយើងបានបញ្ជូនកងកម្លាំងសរុបជាង ១ម៉ឺននាក់ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ពោលគឺនៅស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត សាធារណរដ្ឋអាហ្វ្រិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី សាយប្រឹស យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៣០ឆ្នាំជាងនេះកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួលបានផលនៃការរក្សាសន្តិភាពរបស់កងកម្លាំងរក្សាសន្តិភាពនាទសវត្សរ៍ទី៩០ ដែលមានកងកម្លាំងយូណាមីក ក្រោយមកអ៊ុនតាក់ ទៅជាអ្នកដែលចូលរួមផ្ដល់នូវកងកម្លាំងដើម្បីថែរក្សាសន្តិភាព និងជួយដល់ការងារមនុស្សធម៌ជាច្រើនទៅលើបណ្ដាប្រទេសនាងនានាដែលកំពុងរងគ្រោះនូវអ្វីដែលកម្ពុជាធ្លាប់ឆ្លងកាត់ ដោយកងកម្លាំងរបស់យើងបានពង្រីកតួនាទីជាបន្តបន្ទាប់ ពោលគឺការបោសសម្អាតមីន ទៅបំពេញភារកិច្ចជាតម្រួតយោធា វិស្វកម្ម ពេទ្យកម្រិត២ អ្នកបោសសម្អាតគ្រឿងផ្ទុះ រហូតដល់មុខងារជានាយទាហានសង្កេតការណ៍ និងជានាយទាហានសេនាធិការទៀតផង ដែលការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ សបញ្ជាក់អំពីសក្ដានុពលដ៏ខ្លាំងក្លារបស់កងទ័ពកម្ពុជាក្នុងការបំពេញបេសកកម្មសំខាន់ និងតួនាទីគន្លឹះក្នុងប្រព័ន្ធពហុជាតិរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសមត្ថភាពរបស់ក្រសួងការពារជាតិ គណៈកម្មការជាតិ និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់
សង្គ្រាម ក្នុងការជ្រើសរើសកងកម្លាំង ការហ្វឹកហ្វឺន និងការបំពាក់ឧបករណ៍សម្ភារៈស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ ដោយឥឡូវនេះ កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខគេខាងផ្នែកបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកោតសរសើរទាំងចំពោះសកម្មភាពក្នុងស្រុក និងចំពោះសកម្មភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ហើយយើងក៏មានមោទនភាពបំផុតផងដែរ ដែលទង់ជាតិកម្ពុជាបន្តបក់រវិចជាមួយទង់ជាតិនៃប្រទេសទាំងឡាយដែលបញ្ជូនកងទ័ពចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិដូចគ្នា។
សម្តេចយកឱកាសនេះ សម្ដែងនូវការគោរព និងការកោតសរសើរដោយស្មោះចំពោះស្នាដៃ និងវីរភាពរបស់កងទ័ពពួកខៀវកម្ពុជា ដែលតែងតែបង្ហាញសមត្ថភាពវិជ្ជាជីវៈ ការគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ការរក្សាបាននូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អនៅគ្រប់កន្លែងប្រតិបត្តិការ ជាពិសេសការការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ របស់កងយោធពលខេមរភូមិន្ទ និងរបស់ពលរដ្ឋកម្ពុជាទាំងមូល៕

ដោយ៖ ចាន់ សុភឿន





