អ្នកសារព័ត៌មានកម្ពុជាចូលរួមវគ្គបណ្តុះបណ្តាល AI នៅចិន
AKP ប៉េកាំង, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦--
គេហទំព័រស៊ីនហួណេត (Xinhuanet) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បញ្ញាសិប្បនិម្មិតសម្រាប់អាជីពសារព័ត៌មាន» ក្រោមការផ្តួចផ្តើម និងការគាំទ្រពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua News Agency) ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈក្នុងការផលិតព័ត៌មាន។
កម្មវិធីនេះមានការចូលរួមពីអ្នកសារព័ត៌មាន និងអ្នកជំនាញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការ៉ាប៊ីន ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការជំរុញការអភិវឌ្ឍវិស័យសារព័ត៌មានក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា។


លោក ស៊ឹម មង្គល អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីនេះ បានឱ្យដឹងថា ការបណ្តុះបណ្តាលនេះបានផ្តល់ចំណេះដឹង និងបទពិសោធន៍សំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងវិស័យសារព័ត៌មាន រួមមានការវិភាគទិន្នន័យ ការបង្កើតខ្លឹមសារ ការផ្ទៀងផ្ទាត់ព័ត៌មាន និងការគ្រប់គ្រងបណ្តាញសង្គម។ល។


លោកបានបន្ថែមថា ក្រៅពីការស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យា កម្មវិធីនេះក៏បានផ្តោតលើក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ទៀងផ្ទាត់ព័ត៌មាន និងការធានាភាពត្រឹមត្រូវ និងភាពជឿជាក់នៃខ្លឹមសារមុនពេលផ្សព្វផ្សាយជូនសាធារណជន។

ដោយ៖ ហេង បញ្ញា





