គម្រោងរេដបូកកែវសីមា គាំទ្រសហគមន៍ ដាំបន្លែសរីរាង្គ និងបច្ចេកទេសចិញ្ចឹមសត្វ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦–សមាជិកសហគមន៍ចំនួន ២ ០៣៩ នាក់ ទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងរេដបូកកែវសីមា លើការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វ និងដាំបន្លែសរីរាង្គ ព្រមទាំងទទួលបានពូជសត្វពាហនៈ គ្រាប់ពូជបន្លែ និងសំភាៈប្រើប្រាស់មួយចំនួន សម្រាប់ជាដើមទុនក្នុងការប្រកបមុខរបរបន្ថែមសម្រាប់គ្រួសារ។ នេះបើតាមការឱ្យដឹងពីគម្រោងរេដបូកកែវសីមា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២២៦ ។

ដើម្បីរួមចំណែកក្នុងការអភិរក្សធនធានព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាប្រកបដោយប្រសិទ្ធភាពខ្ពស់ គម្រោងរេដបូកកែវសីមាបានធ្វើការលើកកម្ពស់ជីវភាពប្រជា សហគមន៍មូលដ្ឋានក្នុងដែនជម្រកសត្វព្រៃកែវសីមា តាមរយៈការដាំដំណាំ និងចិញ្ចឹមសត្វលក្ខណៈគ្រួសារ រួមមាន ការចិញ្ចឹមសត្វជ្រូក គោ មាន់ ត្រី និងការដាំបន្លែសរីរាង្គ។ ការគាំទ្រនេះផ្តោតទៅលើការពង្រឹងសមត្ថភាពបច្ចេកទេសចិញ្ចឹមសត្វ ការដាំបន្លែសរីរាង្គ ការថែទាំ និងការស្វែងរកទីផ្សារ សំដៅធ្វើយ៉ាងណាឱ្យសហគមន៍ទទួលបានឱកាសក្នុងការអភិវឌ្ឍន៍ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ។ នៅពេលសហគមន៍មូលដ្ឋានទទួលបានជីវភាពល្អប្រសើរ នោះការពឹងអាស្រ័យលើធនធានធម្មជាតិនឹងមានការថយចុះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ ប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលវែង។


តាមរយៈកិច្ចសហការរវាងគម្រោងរេដបូកកែវសីមា អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងសហគមន៍មូលដ្ឋាន បានរួមចំណែកធ្វើអោយជីវភាពរស់នៅរបស់ប្រជាសហគមន៍ ព្រមទាំងការការពារព្រៃឈើ និងជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាកាន់តែមានភាពល្អប្រសើរ។យើងរួមគ្នាកសាងសហគមន៍ដែលមានជីវភាពល្អប្រសើរ និងការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ៕
ដោយ៖ ណយ នឿន (ប្រភព៖គម្រោងរេដបូកកែវសីមា)





