ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើង កាំភ្លើងត្បាល់ និង បំប៉នជំនាញកាំភ្លើងការពារអាកាស នៅសាលាពលទាហានទី១ យោធភូមិភាគទី១
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--នៅសាលាពលទាហានទី ១ យោធភូមិភាគទី ១ មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើង កាំភ្លើងត្បាល់ ៦០.៨២.១០០.១២០មម និង វគ្គបំប៉នជំនាញកាំភ្លើងការពារអាកាស ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី ១ ។

វគ្គហ្វឹកហ្វឺនទាំង២វគ្គនេះ មានសិក្ខាកាមមកពី តំបន់ប្រតិបត្តិការសឹករងទាំងបីគឺ តំបន់ប្រតិបត្តិការសឹករងរតនៈគិរី.មណ្ឌលគិរី និង ស្ទឹងត្រែង.កងពលតូចអន្តរាគមន៍លេខ១២៨ និងមកពី បណ្តាវរសេនាតូចចំណុះទីបញ្ជាការយោធភូមិភាគទី១ ថ្ងៃទី ២២ ខែ តុលាឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ បានថ្លែងនូវការកោតសរសើរចំពោះ ប្អូនៗសិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការហ្វឹកហ្វឺនរៀនសូត្រ យកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេសនាមមេរៀន ទាំងនៅក្នុងថ្នាក់ក៏ដូចជានៅលើទីលានហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពរបស់យោធិនម្នាក់ៗ ក្នុងការប្រើប្រាស់ អាវុធគាំទ្រថ្មើរជើង និងអាវុធការពារអាកាសឲ្យមានភាពស្ទាត់ជំនាញនិងប្រកបដោយប្រសិទ្ធិភាព រហូតទទួលបានលទ្ធផលល្អគួរជាទីពេញចិត្ត ។ ពេលត្រឡប់ទីកាន់អង្គភាពវិញ ត្រូវយកចំណេះទាំងនេះប្រែក្លាយជាសកម្មភាពជាក់ស្តែង ក្នុងការបំពេញភារកិច្ច ប្រយុទ្ធ ត្រៀមប្រយុទ្ធជូនអង្គភាព ប្រកបដោយជោគជ័យ។

លោកក៏បានណែនាំប្អូនៗថា៖ កងទ័ពត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ មានឆន្ទៈមោះមុតអង់អាច ក្លាហាន ហ៊ានពលីជីវិតដើម្បីការពារ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ត្រូវយកចិត្តទុកដាក់ គោរពច្បាប់របស់រដ្ឋ វិន័យរបស់កងទ័ព និងបទបញ្ជារបស់ថ្នាក់លើឲ្យបានម៉ឺងម៉ាត់ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុងរវាងគ្នានិងគ្នាឲ្យបានរឹងមាំ ចេះជួយទុក្ខធុរៈគ្នា យោគយល់គ្នា. ចេះជួយយកអាសារគ្នាក្នុងគ្រប់កាលៈទេសៈ ក្នុងនាមជាមិត្តរួមអាវុធ៕
ដោយ សំ សាម៉ន (ប្រពព៖កងទ័ពជើងគោក)





