ក្រសួងអប់រំចុះMOU ជាមួយមហាវិទ្យាល័យអប់រំកុមារតូច យ៉េវជុង នៃទីក្រុងហុងកុងស្ដីពីកិច្ចសហប្រតិបត្តិការកម្មវិធីអប់រំកុមារតូច
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--មហាវិទ្យាល័យអប់រំកុមារតូច យ៉េវជុង នៃទីក្រុងហុងកុងបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការកម្មវិធីអប់រំកុមារតូច ដើម្បីការលើកកម្ពស់គុណភាពអប់រំ ជាពិសេសការអប់រំកុមារតូចដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងការរីកចម្រើនរបស់សង្គមជាតិ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការអប់រំកុមារតូចគឺជាដំណាក់កាលដ៏មានសារៈសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរាងកាយ បញ្ញាស្មារតី ភាសា ទំនាក់ទំនង និងបំណិនសង្គមជាដើម ដែលនឹងជួយឱ្យកុមារត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរៀននៅកម្រិតបឋមសិក្សា និងទទួលបានលទ្ធផលសិក្សាល្អប្រសើរ។
ឯកឧត្តមបានបន្តថា ស្របតាមការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការកែលម្អការអនុវត្តគរុកោសល្យ និងការគាំទ្រដល់ការអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ ការពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយស្ថាប័នអប់រំដែលមានបទពិសោធ និងជំនាញវិជ្ជាជីវៈ គឺជាកាលានុវត្តភាពដ៏មានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍគុណភាពអប់រំកុមារតូចឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាថាការថែទាំ ការអប់រំ និងការជំរុញការអភិវឌ្ឍកុមារតាំងពីវ័យដំបូងនេះអាចផ្ដល់នូវជំនាញសង្គម ភាពធន់ និងសមត្ថភាពរៀនសូត្រពេញមួយជីវិតសម្រាប់ជោគជ័យនាពេលអនាគត។

សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍ ដោយផ្ដោតសំខាន់លើការអប់រំកុមារតូច។ ផ្អែកលើអនុស្សរណៈនេះភាគីទាំងពីរមានផែនការកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងឱកាសអប់រំ៖ មានបំណងផ្ដល់ការបណ្ដុះបណ្ដាល និងឱកាសអប់រំសម្រាប់គ្រូបង្រៀនមុនពេលបម្រើការងារ និងក្នុងពេលបម្រើការងារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈ ក៏ដូចជាពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ពួកគេក្នុងការអប់រំកុមារតូច។ អាហារូបករណ៍៖ ភាគីទាំងពីរមានបំណងស្វែងរកឱកាសក្នុងការសហការរៀបចំ និងឧបត្ថម្ភមូលនិធិរួមគ្នាសម្រាប់កម្មវិធីអាហារូបករណ៍ ដើម្បីគាំទ្រដល់សិស្សានុសិស្ស គ្រូបង្រៀន និងអ្នកអប់រំក្នុងវិស័យអប់រំកុមារតូច។ ការទទួលស្គាល់កម្មវិធី និងគុណវុឌ្ឍិរបស់មហាវិទ្យាល័យអប់រំកុមារតូច យ៉េវជុង នៃទីក្រុងហុងកុងនៅកម្ពុជា៖ ភាគីទាំងពីរនឹងខិតខំសម្របសម្រួលដំណើរការនៃការទទួលស្គាល់កម្មវិធី និងគុណវុឌ្ឍិរបស់មហាវិទ្យាល័យអប់រំកុមារតូច យ៉េវជុង នៃទីក្រុងហុងកុងនៅកម្ពុជា។ ឱកាសសិក្សារៀនសូត្រតាមរយៈបទពិសោធនៅកម្ពុជា៖ ក្រសួងអប់រំ យុវជន និងកីឡាមានបំណងសម្របសម្រួលឱកាសរៀនសូត្រតាមរយៈបទពិសោធនៅកម្ពុជាសម្រាប់សិស្សានុសិស្ស និងអ្នកអប់រំដែលពាក់ព័ន្ធនឹងមហាវិទ្យាល័យអប់រំកុមារតូច យ៉េវជុង នៃទីក្រុងហុងកុង ក្នុងគោលបំណងឱ្យអ្នកចូលរួមទទួលបានការយល់ដឹងជាក់ស្ដែងអំពីការអប់រំកុមារតូចនៅកម្ពុជា និងលើកកម្ពស់ការផ្លាស់ប្ដូរផ្នែកអប់រំ និងវប្បធម៌នៃភាគីទាំងពីរ៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





