ឧត្តមសេនីយ៍ឯក ហោ សំអាត៖ សមិទ្ធផលដែលសម្រេចបានគឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំស្តែងឱ្យឃើញពីឆន្ទៈនយោបាយខ្ពស់ និងការប្តេជ្ញាចិត្តឥតប្រែប្រួលរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានចាប់ពីឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំស្តែងឱ្យឃើញពីឆន្ទៈនយោបាយខ្ពស់ និងការប្តេជ្ញាចិត្តឥតប្រែប្រួលរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុវត្តតាមផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដែលបានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៦ ក្នុងនោះយុទ្ធសាស្ត្រទី៦ បានផ្តោតលើកិច្ចការងារបច្ចេកវិទ្យាឌីជីថល ដែលជាផែនទីបង្ហាញផ្លូវសម្រាប់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ។

ក្នុងពិធីផ្សព្វផ្សាយសមិទ្ធផលការងារបច្ចេកវិទ្យាឌីជីថលក្របខ័ណ្ឌក្រសួងមហាផ្ទៃ រយៈពេល៣ឆ្នាំ (២០២៣-២០២៦)នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាតក្នុងនាមជាតំណាងប្រធានក្រុមការងាររដ្ឋបាលឌីជីថលក្រសួងមហាផ្ទៃបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមន្រ្តីនគរបាលជាតិទាំងអស់ ដែលជាថ្នាក់ដឹកនាំតំណាងតាមបណ្ដាអគ្គនាយកដ្ឋានអង្គភាពចំណុះក្រសួងមហាផ្ទៃឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង និងអន្តរស្ថាប័នប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាធ្លុងមួយ ព្រោះកិច្ចការងារបច្ចេកវិទ្យា សន្តិសុខសាយប័រ គឺជាភារកិច្ចដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការរួមគំនិតគ្នាកសាងនូវការគាំទ្រគ្នាទៅវិញទៅមក ទន្ទឹមនេះត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោយឥតឈប់ឈរលើការអភិវឌ្ឍសមត្ថភាព និងការស្វែងយល់ពីបច្ចេកវិទ្យាទំនើបថ្មីៗដែលត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក និងប្រែក្លាយចំណេះដឹងឱ្យទៅជាសកម្មភាពការងារជាក់ស្ដែងដើម្បីការពារឱ្យបានដាច់ខាតសន្តិសុខជាតិ ជំរុញកិច្ចដំណើរការការងារឱ្យកាន់តែមានប្រសិទ្ធខ្ពស់ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងឆ្ពោះទៅឱ្យបានសម្រេចជោគជ័យនូវចក្ខុវិស័យរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០៣៥៕

ដោយ ចាន់ សុភឿន (ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ)





