អភិបាលក្រុងដូនកែវ ចុះពិនិត្យនូវដំណើរការនៃការិយាល័យចុះឈ្មោះបោះឆ្នោត
AKP តាកែវ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការនៃការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានចំនួនពីរកន្លែងគឺ៖ ១.នៅភូមិជ្រោយប្រណយ សង្កាត់បារាយណ៍ និង២. នៅភូមិច្រេស សង្កាត់រកាក្នុង។ ការចុះពិនិត្យនេះធ្វើឡើងនៅសង្កាត់បារាយណ៍និងសង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

ក្នុងពិធីនោះ លោក ឌឹម គឹមសាន បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការតាមតួនាទីផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត នៅតាមសង្កាត់ដែលខ្លួនរស់នៅ ហើយចំពោះអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ សូមទៅកែតម្រូវទិន្នន័យជីវប្រវត្តិរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ក្នុងករណីពិនិត្យឃើញថា ការកត់ត្រាមិនបានត្រឹមត្រូវ។

លោក ឌឹម គឹមសាន បានមានប្រសាសន៍បន្តថា ការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតដែលជាម្ចាស់ នៃជោគវាសនារបស់ប្រទេសនីមួយៗ បានសម្តែងនូវឆន្ទៈរបស់ខ្លួនតាមរយៈការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ហើយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាដំណាក់កាលដំបូងគេនិងសំខាន់បំផុត។

លោក ឌឹម គឹមសាន ក៏បានលើកឡើងដែរថា ការបោះឆ្នោតនៅកម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំជំរុញប្រពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យមកពិនិត្យបញ្ជីឈ្មោះ និងពលរដ្ឋមិនទាន់មានឈ្មោះបោះឆ្នោត ជាពិសេសយុវជនដែលទើបមានអាយុ១៨ឆ្នាំ ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

លោក ឌឹម គឹមសាន បានមានប្រសាសន៍បន្ថែមថា ការចុះត្រួតពិនិត្យនេះ មានគោលបំណងដ៏មានសារៈសំខាន់ ក្នុងការតាមដានការអនុវត្តការងារជាក់ស្ដែង ព្រមទាំងជំរុញនិងការលើកទឹកចិត្ត ដល់ក្រុមការងារចុះឈ្មោះបោះឆ្នោត។ ដើម្បីធានាថាដំណើរការនៃការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមបទបញ្ជា និងនីតិវិធីកំណត់៕
ដោយ អ៊ុច សៀង





