ឯកឧត្ដម គួច ចំរើន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកពញាឮ
AKP កណ្តាល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលបានដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ស្តីពីការបិទចរាចរណ៍រថយន្តធុនធ្ងន់ និងរថយន្តកែច្នៃហួសកម្រិតគ្រប់ប្រភេទ ជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវខេត្តលេខ ១៥១អា (151A) ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាឭ ខេត្តកណ្តាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ វិធានការក្តៅនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង នៅតាមបណ្តោយខ្សែផ្លូវខាងលើ ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន មិនអាចទ្រទ្រង់ទម្ងន់រថយន្តធុនធ្ងន់បានឡើយ និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ក៏ដូចជាទប់ស្កាត់ការបាក់ស្រុតខូចខាតផ្លូវជាតិ ។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានអំពាវនាវដល់លោកអ្នកឧកញ៉ា ឧកញ៉ា ម្ចាស់អាជីវកម្មដឹកជញ្ជូន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការបង្វែរទិសដៅធ្វើដំណើរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាថែរក្សាការពារទ្រព្យសម្បត្តិដ៍មានតម្លៃរបស់ជាតិយើង ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាលបានធ្វើការការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចែវទូក ឬធ្វើដំណើរដោយប្រុងប្រយ័ត្ន មើលថែទាំកូនចៅតូចៗឲ្យបានល្អ ចៀសវាងការលង់ទឹក និងប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





