ឯកឧត្តម សុត រស្មី អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី២) ក្នុងខេត្តកណ្តាល តាកែវ និង កំពត
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី២) នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។
ឯកឧត្តម និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យ និងវាយតម្លៃផ្ទាល់លើការងារថែទាំប្រព័ន្ធធារាសាស្ត្រសំខាន់ៗចំនួន ៤កន្លែង ដែលរួមមាន ១. ប្រព័ន្ធធារាសាស្ត្រកណ្ដាលស្ទឹង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២. ប្រព័ន្ធធារាសាស្ត្រហនុមាន ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ៣. ប្រព័ន្ធធារាសាស្ត្រអាងទឹកខ្ពបត្របែក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និង
៤. ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ស្ថិតក្នុងស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត។


ឯកឧត្តម សុត រស្មី និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែលបានបំពេញការងារថែទាំប្រព័ន្ធធារាសាស្ត្រទាំង៤ (ដំណាក់កាលទី២ ឆ្នាំ២០២៦) បានល្អតាមបទដ្ឋានបច្ចេកទេស និងមានសោភ័ណភាព ដែលនឹងផ្តល់សារប្រយោជន៍ដល់ការបង្កបង្កើនផល ក៏ដូចជាបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងបែងចែកទឹកសម្រាប់រដូវវស្សានេះប្រកបដោយចីរភាព៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





