ក្រសួងវប្បធម៌ ច្រានចោលការចោទប្រកាន់របស់យោធាថៃ ដែលថា កម្ពុជាយកប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធា
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦–ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាបានយកប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធា ដោយបញ្ជាក់ថា នេះជាលេសទម្លាក់កំហុស ដើម្បីគេចវេះពីការទទួលខុសត្រូវលើការបាញ់បំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។
ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឆ្លើយតបជាមួយបណ្តាញសារព័ត៌មានចំពោះការលើកឡើងរបស់អ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ ដែលនៅតែបន្តចោទប្រកាន់មកលើកម្ពុជាថា បានយកទីតាំងប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធា។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមអ្នកឈ្លានពាន និងបំផ្លាញបេតិកភណ្ឌ តែងតែថ្លែងទម្លាក់កំហុសលើអ្នកដទៃ ដើម្បីគេចវេះពីការទទួលខុសត្រូវ។
អ្នកនាំពាក្យក្រសួងវប្បធម៌បានបន្ថែមថា បេតិកភណ្ឌទាំងអស់របស់កម្ពុជា មិនមែនជាមូលដ្ឋានយោធាសម្រាប់កងកម្លាំងណាមួយឡើយ ហើយកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញានានាស្តីពីការការពារបេតិកភណ្ឌ តែងតែចូលរួមយ៉ាងសកម្មក្នុងកម្រិតអន្តរជាតិដើម្បីការពារបេតិកភណ្ឌគ្រប់ប្រភេទ។ ដូច្នេះ ការចោទប្រកាន់របស់ភាគីថៃ ថាកម្ពុជាបំផ្លាញបេតិកភណ្ឌរបស់ខ្លួនឯង គឺជារឿងមិនអាចទៅរួចឡើយ។ ឯកឧត្តមក៏បានកត់សម្គាល់ថា ស្ថាប័នព័ត៌មានថៃមួយចំនួនតែងតែបំពុលព័ត៌មាន និងផ្សាយចោទប្រកាន់ ដើម្បីបិទបាំងការបំផ្លាញប្រាសាទខ្មែរ និងបំភាន់សាធារណៈមតិក្នុងស្រុករបស់ខ្លួន ដែលកំពុងស្អប់ខ្ពើមអំពើបំផ្លាញបេតិកភណ្ឌផងដែរ។
ការចេញមុខបកស្រាយរបស់កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីកងទ័ពភូមិន្ទថៃ នៅថ្ងៃទី២២ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបមកកាន់កម្ពុជា ជុំវិញការចោទប្រកាន់ថា យោធាថៃបានបាញ់បំផ្លាញប្រាសាទព្រះវិហារឱ្យរងការខូចខាតធ្ងន់ធ្ងរ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation លោក Richa Suksuwanon អ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ បានលើកឡើងថា កម្ពុជាបានយកទីតាំងប្រាសាទធ្វើជាមូលដ្ឋានយោធាដើម្បីវាយប្រហារលើទាហាន និងពលរដ្ឋថៃ ហើយថាកម្លាំងរបស់ខ្លួនតម្រង់តែលើគោលដៅយោធា ដោយមិនបានសំដៅលើបូជនីយដ្ឋានប្រវត្តិសាស្ត្រឡើយ។
ការលើកឡើងរបស់យោធាថៃបែបនេះ បន្ទាប់ពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២១ ខែតុលា បានប្រកាសចាប់ផ្តើមគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដើម្បីស្តារតួប្រាសាទដែលរងការខូចខាតពីការបាញ់បំផ្លាញរបស់យោធាថៃ។
គួរបញ្ជាក់ផងដែរថា អំឡុងសង្គ្រាមព្រំដែនជាមួយថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ទីតាំងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា បានរងការខូចខាតរហូតដល់ប្រមាណ ៨០% ដោយសារការបាញ់ប្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទពីសំណាក់យោធាថៃ។ ក្រុមមន្ត្រីជំនាញបានរកឃើញស្នាមប្រេះ ខួងសាច់ និងបាក់រលំសរុបចំនួន ៥៦២ទីតាំង ខណៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រមូល និងរកឃើញគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាង ១,៣០០គ្រាប់ ដែលបន្សល់ទុកពីការបាញ់ស្រោចរបស់យោធាថៃមកលើតំបន់ប្រាសាទប្រវត្តិសាស្ត្រមួយនេះ៕

ដោយ៖ មករា





