ក្រសួងបរិស្ថានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២៦-២០៣០»
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- ក្រសួងបរិស្ថានបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២៦-២០៣០» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ។
ផែនការនេះជាយុទ្ធសាស្ត្រថ្មីដែលត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ ផែនការយុទ្ធសាស្ត្រនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពចំនួន៣ យ៉ាងច្បាស់លាស់ ដែលរួមមាន ទី១ ការពង្រឹងសិទ្ធិអំណាច និងការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិតក្នុងវិស័យបរិស្ថាន ទី២ ការពង្រឹងសមត្ថភាព ឆ្លើយតបនឹងយេនឌ័រក្នុងកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ និងទី៣ ពង្រឹងគណនេយ្យភាពយេនឌ័រ ការសម្របសម្រួល និងការសហការពីភាគីពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការបញ្ជ្រាបយេនឌ័រ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា ឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមានភាពប្រទាក់ក្រឡាយ៉ាងស្អិតរមួតជាមួយនឹង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» និងគោលនយោបាយជាតិនៃការគ្រប់គ្រងបរិស្ថានប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតងនៅកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជាក្នុងការជំរុញភាពស្អាតតាមរយៈយុទ្ធនាការនានា រួមមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានជំរុញការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក យុទ្ធនាការ «ពន្លកបៃតង» បានជំរុញការចូលរួមដាំដើមឈើរាប់លានដើម ដើម្បីបង្កើនគម្របបៃតង និងការលើកកម្ពស់ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា សកម្មភាពអាទិភាពទាំងនេះ សុទ្ធសឹងតែផ្តល់ផលប្រយោជន៍ ជាពិសេសដល់ស្ត្រី និងកុមារ ក្នុងការធានាឱ្យពួកគាត់បានរស់នៅក្នុងបរិស្ថាន ដែលមានភាពស្អាត មានសុខភាពល្អ និងមានការរស់នៅប្រកបដោយចីរភាព។


សូមបញ្ចាក់ថា ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២៦-២០៣០ គឺជាសមិទ្ធផលលើកទី៤ ហើយ គិតចាប់តាំងពីឆ្នាំ២០១០ មក។ ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជំនាន់ទី៤ នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងបរិស្ថានក្នុងការលើកកម្ពស់សមធម៌យេនឌ័រ និងជាជំហានដ៏សំខាន់ក្នុងការបំប្លែងគោលនយោបាយឱ្យទៅជាសកម្មភាពជាក់ស្តែងនៅគ្រប់កម្រិតចាប់ពីថ្នាក់ជាតិរហូតដល់សហគមន៍មូលដ្ឋាន ដើម្បីកសាងសង្គមកម្ពុជាឱ្យកាន់តែមានស្អាត ភាពបៃតង និងចីរភាព៕

ដោយ៖ មករា





