កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះ និងប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារក្នុងខេត្តស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- យោងតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងនាំយកអំណោយមនុស្សធម៌ជាស្បៀង និងសម្ភារៈទៅចែកជូនដល់ជនងាយរងគ្រោះ និងប្រជាជនរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួន ៨៨៣គ្រួសារនៅក្នុងខេត្តស្ទឹងត្រែង។
ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារ បានចូលរួមក្នុងកម្មវិធីនេះដែលត្រូវបានធ្វើឡើងនៅទីតាំងចំនួន២ គឺទីតាំងទី១ នៅសាលាបឋមសិក្សាឬទ្ធីសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ សម្រាប់ប្រជាជន ៣០០គ្រួសារ (ស្រុកបុរីអូរស្វាយសែនជ័យចំនួន ១១៣គ្រួសារ និងស្រុកសៀមប៉ាងចំនួន ១៨៧គ្រួសារ) និង
ទីតាំងទី២ នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង សម្រាប់ប្រជាជន ៥៨៣គ្រួសារ (ស្រុកថាឡាបរិវ៉ាត់ ១៥៨គ្រួសារ ស្រុកសេសាន ១៤០គ្រួសារ ស្រុកសៀមបូក ១៥៣គ្រួសារ និងក្រុងស្ទឹងត្រែង ១៣២គ្រួសារ)។


អំណោយដែលផ្តល់ជូនទាំង ៨៨៣គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ និងឃីត១ (សារុង ក្រមា មុង ភួយ)។ ជាមួយគ្នានេះ ក៏បានផ្តល់ជូនសាលារៀន ២កន្លែងដោយក្នុងសាលាមួយទទួលបានសាប៊ួលាងដៃ ២កេស និងម្សៅសាប៊ួ ២កេស។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បាននាំយកទេយ្យវត្ថុ រួមទាំងបច្ច័យមួយចំនួនសម្រាប់ប្រគេនវត្ត ប្រគេនព្រះគ្រូចៅអធិការវត្ត ប្រគេនព្រះសង្ឃ និងយាយជីតាជី ក្នុងវត្តចំនួន២ ដែលរួមមានវត្តរដ្ឋជ័យធម្មារាម (វត្តដួងក្រចែម) ស្ថិតនៅឃុំអូរស្វាយ និងវត្តរុក្ខាសិលារាមព្រៃចាស់ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





