អាជ្ញាធរច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ជូនជនជាតិថៃ ២៤នាក់ត្រឡប់ទៅប្រទេសវិញ និងទទួលពលរដ្ឋខ្មែរ ៨២នាក់ពីភាគីថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបន្តអនុវត្តតួនាទីគ្រប់គ្រងការចេញចូលឆ្លងដែន និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដោយបានបញ្ជូនជនជាតិថៃចំនួន ២៤នាក់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តល្មើសច្បាប់ ត្រឡប់ទៅប្រទេសថៃវិញ និងទទួលពលរដ្ឋខ្មែរចំនួន ៨២នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ដើម្បីបន្តអនុវត្តនីតិវិធី និងផ្តល់ការសម្របសម្រួលតាមការកំណត់។ 
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការសហការពីកម្លាំងសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ស្របតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ 
ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប និងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លៀម សុដា អភិបាល រងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការប្រគល់ និងទទួលជនឆ្លងដែនប្រព្រឹត្តទៅដោយ មានការសម្របសម្រួល និងអនុវត្តតាមនីតិវិធីជាធរមាន។ 
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឱ្យដឹងថា ចំពោះការបញ្ជូនជនជាតិថៃត្រឡប់ទៅប្រទេសវិញ អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិថៃចំនួន ២៤នាក់ ក្នុងនោះស្ត្រី ៩នាក់ ទៅឱ្យភាគីថៃវិញ បន្ទាប់ពីពួកគេពាក់ព័ន្ធនឹងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងការចូលដោយទុច្ចរិតក្នុងទីលានយោធា។ ការអនុវត្តនេះបង្ហាញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ចក្នុងការគ្រប់គ្រងជនបរទេស និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការស្នាក់នៅ ការធ្វើការ និងការចូលទៅកាន់ទីតាំងដែលមានការកំណត់សុវត្ថិភាព។
លោកឧត្តមសេនីយ៍ត្រី បន្តទៀតថាជាមួយគ្នានេះ អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានទទួលពលរដ្ឋខ្មែរចំនួន ៨២នាក់ ពីភាគីថៃ ដែលត្រូវបានចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយឆ្លងដែនដោយខុសច្បាប់។ ក្នុងចំណោមពលរដ្ឋទាំង ៨២នាក់ មានស្ត្រី ២៤នាក់ និងកុមារ ១០នាក់។
ក្រោយទទួលពលរដ្ឋខ្មែរទាំងនេះ សម ត្ថកិច្ចបានយកចិត្តទុកដាក់សម្រួលដល់ការធ្វើដំណើរវិលត្រឡប់របស់ពួកគេ ដោយបានចែកអាហារសម្រន់ រួមមានបាយ និងទឹកបរិសុទ្ធ ជូនពួកគេបានពិសាគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញក៏បានស្រង់ និងកត់ត្រាព័ត៌មានសាវតាររបស់ពលរដ្ឋទាំងនោះទុកនៅអង្គភាព មុននឹងជួយដឹកជញ្ជូនទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តរៀបចំនីតិវិធីតាមការកំណត់។
ការសម្របសម្រួលទាំងនេះមិនត្រឹមតែជាផ្នែកមួយនៃការគ្រប់គ្រងច្រកទ្វារព្រំដែន និងការអនុវត្តច្បាប់អន្តោប្រ វេសន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីសារៈសំខាន់នៃការសហការរវាងស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាឆ្លងដែន និងធានាឱ្យការប្រគល់ទទួលជនពាក់ព័ន្ធប្រព្រឹត្តទៅតាមនីតិវិធី។
ជាមួយគ្នានេះ ករណីពលរដ្ឋខ្មែរឆ្លងដែនដោយខុសច្បាប់ក៏ជាការរំឭកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ និងការស្វែងរកការងារនៅក្រៅប្រទេស ដោយត្រូវប្រើប្រាស់មធ្យោបាយស្របច្បាប់ និងគោរពច្បាប់របស់ប្រទេសគោលដៅ ដើម្បីជៀសវាងការប្រឈមនឹងការចាប់ខ្លួន ការបញ្ជូនត្រឡប់ និងផលវិបាកផ្សេងៗ។ 
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើនបានបញ្ជាក់ថាអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅតែបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តការគ្រប់គ្រងការចេញចូលឆ្លងដែន និងសម្របសម្រួលករណីជនបរទេស និងពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនឆ្លងកាត់ព្រំដែន ស្របតាមច្បាប់ និងនីតិវិធីដែលបានកំណត់៕
ដោយ៖ឈុនសារ៉ាត





