ឧទ្យានុរក្ស និងសហគមន៍ ពង្រឹងការតាមដាននិងការពារជីវចម្រុះនៅតំបន់រ៉ាមសារស្ទឹងសែន និងបឹងទន្លេឆ្មារ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋានបានរួមគ្នាចុះល្បាតនៅតំបន់រ៉ាមសារស្ទឹងសែន និងបឹងទន្លេឆ្មារ ដោយបានកត់ត្រាវត្តមានសត្វស្លាបទឹក រួមមាន អកត្រីក្បាលប្រផេះ ស្មោញ និងទុងប្រផេះ ដែលជាផ្នែកមួយនៃការតាមដានជីវៈចម្រុះ និងការពារជម្រកសត្វស្លាបក្នុងតំបន់ដីសើម។ នេះបើតាមការឱ្យដឹងពីអង្គការ NatureLife នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦។

ជាមួយគ្នាដែរ ក្រុមការងារល្បាតក៏បានរុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ប្រភេទរបាំងស្បៃមុង ប្រវែងសរុប ២ ៨៨០ម៉ែត្រ និងដោះលែងកូនត្រីចម្រុះចំនួន ៦១ គីឡូក្រាមចូលបឹងធម្មជាតិវិញផងដែរ ដែលមានការចូលរួមយ៉ាងសកម្មភាពពីមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធនធានធម្មជាតិទួលនាងសាវ និងបាឡត។ សកម្មភាពទាំងនេះបានជួយទប់ស្កាត់ និងកាត់បន្ថយឧបករណ៍នេសាទខុសច្បាប់នៅក្នុងតំបន់ និងផ្ដល់ឱកាសឱ្យកូនត្រីបន្តលូតលាស់ ដើម្បីគាំទ្រដល់ការស្ដារធនធានជលផល និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។

ការល្បាតជាប្រចាំនេះក្នុងតំបន់រ៉ាមសារទាំងពីរបានចាប់ផ្ដើមឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជិតមួយឆ្នាំ ដោយមានការគាំទ្រថវិកាពី Critical Ecosystem Partnership Fund (CEPF) និងការសម្របសម្រួលពីអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)។ ការបន្តសកម្មភាពនេះមានសារៈសំខាន់ក្នុងការទប់ស្កាត់សកម្មភាពខុសច្បាប់ ការពារធនធានត្រី និងជម្រកសត្វស្លាបទឹក ព្រមទាំងពង្រឹងតួនាទីសហគមន៍ក្នុងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ៕


ដោយ ណយ នឿន (ប្រភព៖NatureLife)





