អភិបាលរងខេត្តបន្ទាយមានជ័យ៖ ការពង្រឹងសមត្ថភាពគ្រូបង្គោលលើកិច្ចការពារកុមារ និងកសិកម្មឆ្លាតវៃ ជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពគ្រួសារ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពគ្រូបង្គោលលើកិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន បរិយាបន្នសង្គម និងកសិកម្មឆ្លាតវៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ បង្កើនចំណេះដឹង និងជំរុញការអនុវត្តសកម្មភាពជាក់ស្តែងនៅតាមមូលដ្ឋាន សំដៅធានាឱ្យកុមារ និងប្រជាពលរដ្ឋក្នុងសហគមន៍ទទួលបានការថែទាំ ការការពារ និងឱកាសអភិវឌ្ឍប្រកបដោយសមធម៌។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកស្រីអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន យេនឌ័រ ពិការភាព បរិយាបន្នសង្គម អាហារូបត្ថម្ភ និងបម្រែបម្រួលអាកាសធាតុក្នុងបរិបទនៃកសិកម្មឆ្លាតវៃ» នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអង្គការ IDE Cambodia ដោយមានការចូលរួមពីលោក ទួត សេងហ័ង ប្រធានក្រុមការងារអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារនៃគម្រោង GROWTH លោក លោកស្រីតំណាងក្រសួង-ស្ថាប័ន មន្ទីរជំនាញជុំវិញខេត្ត តំណាងអង្គការ Save the Children Cambodia គ្រូបណ្តុះបណ្តាល តំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារថ្នាក់ខេត្ត (គ.ក.ស.ក) គណៈកម្មាធិការឃុំ-សង្កាត់ ដើម្បីស្ត្រី និងកុមារ (គ.ក.ន.ក) ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកស្រី មុំ ពុទ្ធីតា បានលើកឡើងពីសារៈសំខាន់នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះថា ការពង្រឹងសមត្ថភាព និងចំណេះដឹងដល់គ្រូបង្គោល គឺជាមូលដ្ឋានចាំបាច់សម្រាប់បង្កើនប្រសិទ្ធភាពការងារ និងធានាឱ្យការផ្សព្វផ្សាយចំណេះដឹងទៅដល់មន្ត្រីពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានប្រកបដោយគុណភាព។ ជាពិសេស ការរួមបញ្ចូលប្រធានបទកិច្ចការពារកុមារ យេនឌ័រ ពិការភាព អាហារូបត្ថម្ភ និងបម្រែបម្រួលអាកាសធាតុជាមួយកសិកម្មឆ្លាតវៃ អាចជួយឱ្យអ្នកចូលរួមយល់ដឹងកាន់តែទូលំទូលាយអំពីទំនាក់ទំនងរវាងសុខុមាលភាពគ្រួសារ សុវត្ថិភាពកុមារ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
លោកស្រីបានបន្តថា ការការពារកុមារមិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នណាមួយតែមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ និងអង្គការដៃគូពាក់ព័ន្ធ។ ដូច្នេះ ការបណ្តុះបណ្តាលគ្រូបង្គោលឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ នឹងជួយបង្កើនសមត្ថភាពក្នុងការផ្សព្វផ្សាយ ការអប់រំ ការបង្ការ និងការឆ្លើយតបចំពោះបញ្ហាដែលអាចប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងការលូតលាស់របស់កុមារ។
ជាមួយគ្នានេះ ការចិញ្ចឹមកូនបែបវិជ្ជមាន គឺជាប្រធានបទដ៏មានសារៈសំខាន់សម្រាប់ឪពុកម្តាយ និងអ្នកថែទាំកុមារ ដោយផ្តោតលើការអប់រំប្រកបដោយការយោគយល់ ការគោរពសិទ្ធិកុមារ ការប្រើប្រាស់វិធីសាស្ត្រអប់រំសមស្របតាមវ័យ និងការបង្កើតបរិយាកាសគ្រួសារដែលមានសុវត្ថិភាព និងភាពកក់ក្តៅ។ ការយល់ដឹងអំពីវិធីសាស្ត្រចិញ្ចឹមកូនប្រកបដោយភាពវិជ្ជមាន អាចរួមចំណែកកាត់បន្ថយការប្រើអំពើហិង្សា និងជួយឱ្យកុមារលូតលាស់ទាំងផ្នែករាងកាយ បញ្ញា អារម្មណ៍ និងសង្គម។
ចំណែកការបញ្ចូលទស្សនៈយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមទៅក្នុងការអនុវត្តការងារ ក៏ជាចំណុចសំខាន់ដែលមិនអាចមើលរំលងបានដែរ។ ការលើកកម្ពស់សមភាព និងការផ្តល់ឱកាសស្មើៗគ្នាដល់ស្ត្រី បុរស កុមារ ជនមានពិការភាព និងក្រុមងាយរងគ្រោះ នឹងជួយធានាថា មនុស្សគ្រប់រូបអាចចូលរួមក្នុងដំណើរការអភិវឌ្ឍសហគមន៍ និងទទួលបានផលប្រយោជន៍ពីសកម្មភាពអភិវឌ្ឍន៍ដោយមិនមានការរើសអើង។
ពាក់ព័ន្ធនឹងវិស័យកសិកម្ម លោកស្រីបានលើកឡើងពីសារៈសំខាន់នៃការយល់ដឹងអំពីអាហារូបត្ថម្ភ និងបម្រែបម្រួលអាកាសធាតុក្នុងបរិបទកសិកម្មឆ្លាតវៃ ដែលជាបញ្ហាប្រឈម និងជាឱកាសសម្រាប់ប្រជាកសិករនាពេលបច្ចុប្បន្ន។ ការបង្កើនចំណេះដឹងអំពីការផលិតកសិកម្មដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់លើសុវត្ថិភាពស្បៀង នឹងជួយឱ្យគ្រួសារកសិករមានភាពធន់ កាត់បន្ថយហានិភ័យ និងពង្រឹងសមត្ថភាពក្នុងការរក្សាជីវភាពរស់នៅ។
ជាពិសេស ការផ្សារភ្ជាប់រវាងកសិកម្មឆ្លាតវៃ អាហារូបត្ថម្ភ និងកិច្ចការពារកុមារ អាចជួយឱ្យសហគមន៍យល់កាន់តែច្បាស់ថា ការអភិវឌ្ឍកសិកម្មមិនត្រឹមតែផ្តោតលើការបង្កើនផលិតភាព ឬប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវយកចិត្តទុកដាក់លើសុខភាព សុវត្ថិភាព និងគុណភាពជីវិតរបស់សមាជិកគ្រួសារផងដែរ។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាងរដ្ឋបាលខេត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្កើនសមត្ថភាពធនធានមនុស្ស និងជំរុញឱ្យចំណេះដឹងអំពីកិច្ចការពារកុមារ សុខុមាលភាពគ្រួសារ និងកសិកម្មឆ្លាតវៃ ក្លាយជាចំណេះដឹងដែលអាចអនុវត្តបានជាក់ស្តែងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ៕
ដោយ ឈុន សារ៉ាត





