មេបញ្ជាការកងទ័ពប៉ាគីស្ថានទៅដល់ទីក្រុងតេអេរ៉ង់ ចំពេលដែលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ -- យោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានឱ្យដឹងថា មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក ហ្វៀល ម៉ាស្សាល់ អាស៊ីម មូនៀរ បានទៅដល់រដ្ឋធានីតេអេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ដោយមានគណៈប្រតិភូមន្ត្រីប៉ាគីស្ថានអមដំណើរ។
លោក អេស្ម៊ែល បាកាអី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងនៅពេលមុននេះថា ដំណើរទស្សនកិច្ចនេះផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់និងទីក្រុងអ៊ីស្លាម៉ាបាដ។
ឆ្លើយតបទៅនឹងការសន្និដ្ឋាននានាដែលថា ដំណើរទស្សនកិច្ចរបស់លោក មូនៀរ អាចពាក់ព័ន្ធនឹងការនាំយកសារនយោបាយ ឬការគំរាមកំហែងផ្នែកយោធានោះ លោក បាកាអី បានបញ្ជាក់ថា ទោះបីជាមានកិច្ចពិភាក្សាមួយចំនួនរវាងប្រទេសទាំងពីរ ប៉ុន្តែខ្លឹមសារភាគច្រើន គឺផ្តោតលើទំនាក់ទំនងទ្វេភាគី។
លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ និងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅក្នុងបរិបទដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅតែបន្តកើតមាន ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីដោះស្រាយជម្លោះរវាងភាគីទាំងពីរនៅតែជាប់គាំង។
ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាផ្នែកយោធារវាងភាគីទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





