អ៊ីរ៉ង់ព្រមានថា ការវាយប្រហារណាមួយពីសំណាក់សហរដ្ឋអាមេរិកនឹងជួបការឆ្លើយតបសងសឹកវិញ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់បានព្រមានថា រាល់ការវាយប្រហារផ្នែកយោធាពីសំណាក់សហរដ្ឋអាមេរិកនឹងត្រូវឆ្លើយតបវិញ។ ជាមួយគ្នានេះ អ៊ីរ៉ង់បានច្រានចោលចំពោះការអះអាងដែលថា ទីក្រុងវ៉ាស៊ីនតោនបានផ្ញើសារមួយដោយរំពឹងថា ទីក្រុងតេអេរ៉ង់នឹងមិនឆ្លើយតបចំពោះការវាយប្រហារដែលអាចកើតមាននោះទេ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ លោក អេស្ម៊ែល បាកាអី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានចាត់ទុកគំនិតដែលថាសហរដ្ឋអាមេរិកអាចវាយប្រហារអ៊ីរ៉ង់ដោយមិនចាំបាច់ប្រឈមមុខនឹងការសងសឹកវិញនោះថា ជា «ការស្រមើស្រមៃ» តែប៉ុណ្ណោះ។
លោក បាកាអី បានបដិសេធចំពោះការអះអាងដែលថា ទីក្រុងវ៉ាស៊ីនតោនបានផ្ញើសារមួយដោយសន្មតថា អ៊ីរ៉ង់គួរតែអត់ធ្មត់មិនឆ្លើយតបប្រសិនបើមានការវាយប្រហារពីសហរដ្ឋអាមេរិក។
លោកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានបង្ហាញយ៉ាងច្បាស់ថា ខ្លួននឹងមិនទុកឱ្យការវាយប្រហារផ្នែកយោធាណាមួយកន្លងផុតទៅដោយគ្មានការឆ្លើយតបនោះឡើយ។
លោកបាននិយាយថា «ប្រសិនបើការឆ្លើយតបរបស់យើងមិនខ្លាំងជាងនេះទេ វាក៏នឹងមានកម្រិតស្មើគ្នាដែរ»។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា សម័យកាលដែលសហរដ្ឋអាមេរិកអាចធ្វើការវាយប្រហារ ហើយដកខ្លួនចេញទៅវិញដោយមិនមានផលវិបាកអ្វីនោះ គឺបានបញ្ចប់ទៅហើយ។
ការលើកឡើងរបស់លោកនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអះអាងនានាពាក់ព័ន្ធនឹងលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងវាយប្រហារលើតំបន់ភ្នំ Pickaxe នៅក្នុងប្រទេសអ៊ីរ៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





