វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីស្តាប់មតិយោបល់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែនខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម ជាតិ ស៊ីវុត្ថា មានប្រសាសន៍ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន ពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរនិងប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងនូវមតិ យោបល់ សំណូមពរ និងបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យ និងចាត់វិធានការដោះស្រាយឱ្យបានសមស្រប។

ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ទៀតថា វេទិកានេះគឺជាយន្តការមួយដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្ត ជាមួយប្រជាពលរដ្ឋរបស់ខ្លួន ក្នុងដំណើរការអភិបាលកិច្ចនិងកិច្ចអភិវឌ្ឍន៍មូលដ្ឋានក្នុងន័យដើម្បីធានាថា៖ ១. រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានដោះស្រាយនឹងឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ២. គ្រប់អ្នកពាក់ព័ន្ធក្នុងមូលដ្ឋានបានចូលរួមក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ៣. ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈមនានា និងផែនការអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសំរាប់ឆ្នាំខាងមុខ។ ៤.ផ្តល់ប្រឹក្សាតាមរយះការពិភាក្សា និងផ្តល់ព័ត៌មានត្រឡប់ដល់ក្រុមប្រឹក្សាអំពីការងារនៅក្នុងឆ្នាំកន្លងមក នឹងលើកសំណើសម្រាប់ឆ្នាំបន្ទាប់។ ៥. ជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងដំណើរការធ្វើសេចក្តីសម្រេចក្នុងសំណើនោះ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ត្រូវលើកយកមកពិចារណានៅក្នុងការសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សា និង៦.លើកកម្ពស់កិច្ចសហការរវាងក្រុមប្រឹក្សា និងប្រជាពលរដ្ឋសំដៅចូលរួមចំណែកក្នុងការបង្កើតនូវដំណោះ ស្រាយដែលផ្តល់ផលប្រយោជន៍ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា វត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី នៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមពិភាក្សា ព្រមទាំងផ្តល់ជូននូវការទទួលខុសត្រូវខ្ពស់ចំពោះមុខសាធារណជនទូទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងវេទិកាផ្សព្វផ្សាយនេះមានការចូលរួមមតិយោបល់របស់ប្រជាពលរដ្ឋដែលភ្ជាប់ជាមួយនូវសំណួរ និងសំណូមពរចំនួន១៨ ដែលជាចំណុចអាទិភាពសម្រាប់ដោះស្រាយបន្ត៕
ដោយ ស៊ុម វណ្ណា





