វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៥នៅស្រុកតាំងគោកដើម្បីស្តាប់កង្វល់និងដោះស្រាយបញ្ហាប្រជាពលរដ្ឋដោតលើប្រធានបទសំខាន់ៗចំនួន៥
AKPកំពង់ធំថ្ងៃទី២១ខែតុលា ឆ្នាំ២០២៦--នៅសាលាស្រុកតាំងគោកកាលពីថ្ងៃទី ២០ខែតុលាឆ្នាំ២០២៦ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៤ឆ្នាំ២០២៦ដើម្បីផ្សព្វផ្សាយព័ត៌មាន ស្តាប់មតិយោបល់ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំនិងលោក លី វ៉េត អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល រងខេត្ត តំណាងមន្ទីរ និងអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីអាជ្ញាធរស្រុក/ឃុំ សមាជិកក្រុមប្រឹក្សាស្រុក/ឃុំ តំណាងអង្គការនានា ប្រជាពលរដ្ឋ ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាយន្តការដ៏សំខាន់មួយសម្រាប់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់ពីស្ថានភាពជាក់ស្តែង កង្វល់ សំណូមពរ និងបញ្ហាប្រឈមដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាពិសេស បញ្ហាពាក់ព័ន្ធនឹងការងាររបស់អាជ្ញាធរមូលដ្ឋាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងការធ្វើដំណើរ ការប្រកបមុខរបរ និងការទទួលបានសេវាសាធារណៈផ្សេងៗ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា វេទិកានេះផ្តោតលើប្រធា នបទសំខាន់ៗចំនួន៥ រួមមាន៖ ១.ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយផ្តោតលើការអនុវត្តគោលន យោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ២.ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាការប្រើប្រាស់ និងការអភិរក្សធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ ៣. ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ៤. ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីជួយគាំទ្រប្រជាពលរដ្ឋដែលមានតម្រូវការ និងលើកកម្ពស់សុខុមាល ភាពសង្គមនិង៥. បញ្ហាផ្សេងៗ ដែលជាកង្វល់ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបន្ថែមថា ការលើកយកប្រធានបទទាំង៥នេះមកពិភាក្សា គឺដើម្បីបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានបញ្ចេញមតិ និងលើកឡើងពីតម្រូវការរបស់ខ្លួនដោយបើកចំហ ព្រមទាំងជំរុញឱ្យអាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធរួមគ្នាពិនិត្យ វាយតម្លៃ និងស្វែងរកដំណោះ ស្រាយសមស្រប ស្របតាមសមត្ថកិច្ច និងលទ្ធភាពជាក់ស្តែង ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
បន្ទាប់ពីបានស្តាប់នូវមតិយោបល់ កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋរួចមកលោក លី វ៉េត អភិបាលរងខេត្តកំពង់ធំបានមានប្រសាសន៍ថា កន្លងមក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងស្រុកតាំងគោក បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ទន្ទឹមហ្នឹងសមិទ្ធផលដែលសម្រេចបានលោកលី វេតអភិបាលរងខេត្តក៏បានណែនាំ និងជំរុញដល់អាជ្ញាធរស្រុក ឃុំ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាដែលនៅសេសសល់ ដោយត្រូវពិនិត្យ និងដោះស្រាយតាមលំដាប់អាទិភាព និងតាមសមត្ថកិច្ចរៀងៗខ្លួន។ ជាមួយគ្នានេះ ត្រូវបង្កើនការទទួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋ ពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងធានាថាសំណូមពររបស់ប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ពិនិត្យ និងចាត់វិធានការដោះស្រាយឱ្យបានសមស្រប។

វេទិកាបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមជាក់ស្តែងចំនួន៣ករណី ដើម្បីស្នើសុំការអន្តរាគមន៍ និងដោះស្រាយពីសំណាក់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ។ ក្នុងចំណោមនោះ មាន២ករណីជាសំណូមពរពាក់ព័ន្ធនឹងការសាងសង់ និងជួសជុលផ្លូវចំនួន២ខ្សែ ដោយផ្លូវនីមួយៗមានប្រវែងជាង៣០០ម៉ែត្រ និងជាប្រភេទផ្លូវក្រាលគ្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដោយឡែក ករណីទី៣ គឺនាយកសាលាបឋមសិក្សាវត្តពោធិ៍ បានស្នើសុំដំឡើងផ្លាកសញ្ញាព្រមាន និងសញ្ញាសុវត្ថិភាពចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងគោលបំណងបង្កើនសុវត្ថិភាពដល់សិស្សានុសិស្សដែលត្រូវឆ្លងកាត់ផ្លូវជាតិ ដើម្បីធ្វើដំណើរទៅសាលារៀននិងត្រឡប់ទៅលំនៅឋានវិញ៕
ដោយ៖ ស៊ុម វណ្ណា





