មូលនិធិ SDF ពង្រឹងសមត្ថភាពស្រាវជ្រាវ និងវិភាគទិន្នន័យសម្រាប់បុគ្គលិក ដើម្បីជំរុញការវិនិយោគជំនាញផ្អែកលើភស្តុតាង
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--មូលនិធិអភិវឌ្ឍជំនាញ SDF នៃក្រសួងសេដ្ឋកិច្ច និហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការកសាងសមត្ថភាពស្រាវជ្រាវសម្រាប់ការវិនិយោគលើជំនាញដោយផ្អែកលើភស្តុតាង» ជូនដល់បុគ្គលិក SDF ក្នុងគោលបំណងពង្រឹងសមត្ថភាពស្រាវជ្រាវ ការវិភាគទិន្នន័យ និងការបំប្លែងទិន្នន័យទៅជាព័ត៌មានយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ និងការបែងចែកថវិកាវិនិយោគលើការបណ្តុះបណ្តាលជំនាញឱ្យកាន់តែចំគោលដៅ។

ក្រភពពីមូលនិធិ SDF បានឱ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះថា កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងជា ៤ដំណាក់កាល ដោយរួមបញ្ចូលនូវវគ្គបណ្តុះបណ្តាលទ្រឹស្តីមូលដ្ឋាន (Track B) ដំណាក់កាលអនុវត្តសរសេរជាក់ស្តែង (Incubation Period) វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់លើការវិភាគទិន្នន័យម៉ាក្រូសេដ្ឋកិច្ច និង Excel (Track A) និងដំណាក់កាលកែសម្រួលសម្រិតសម្រាំងចុងក្រោយជាមួយអ្នកជំនាញ CDRI។ តាមរយៈវិធីសាស្ត្រ «រៀនបណ្តើរ អនុវត្តផ្ទាល់បណ្តើរ» សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងជំនាញក្នុងការតាក់តែងរបាយការណ៍សង្ខេប លើវិស័យអាទិភាពនីមួយៗរបស់ SDF។

គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ SDF ក្នុងការកសាងវប្បធម៌ការងារផ្អែកលើទិន្នន័យ ដើម្បីធានាថា ការសម្រេចចិត្តវិនិយោគជំនាញឆ្លើយតបចំតម្រូវការទីផ្សារការងារពិតប្រាកដ និងស្របតាមការវិវត្តនៃសេដ្ឋកិច្ចជាតិ៕

ដោយ ណយ នឿន (ប្រភព៖SDF)





