វិស័យសុខាភិបាលមានភាពរឹងមាំបានដោយសារមន្រ្តីសុខាភិបាលបានធ្វើការងារពិតប្រាកដទៅតាមផែនការ និងគោលបំណងដែលក្រសួងសុខាភិបាលបានកំណត់
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--វិស័យសុខាភិបាលមានភាពរឹងមាំបានដោយសារ មន្រ្តីសុខាភិបាលបានធ្វើការងារពិតប្រាកដទៅតាមផែនការ និងគោលបំណងដែលក្រសួងសុខាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្រ្តសម្រាប់ឈានទៅសម្រេចគោលដៅស្របតាមចក្ខុវិស័យ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៤២១៦នាក់ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ដែលបានប្រើប្រាស់ភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបនឹងស្ថានភាពគ្រោះទឹកជំនន់ និងត្រូវបន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងជំងឺគ្រុនឈាម។
ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់ជូនបទបាឋកថាពីយន្តការនៃការកំណត់គោលបំណង (Objective) ដែលគោលបំណងនេះគឺជាសំណុំរបស់គោលដៅ និងបានលើកឡើងនូវស្ថានភាពផ្សេងៗរបស់គោលបំណង និងបានបង្ហាញពីទំនាក់ទំនងរវាងផែនការសកម្មភាព គោលបំណង គោលដៅ យុទ្ធសាស្រ្ត និងចក្ខុវិស័យ ដើម្បីជួយឱ្យមន្ត្រីសុខាភិបាលបានយល់ដឹងកាន់តែច្បាស់ និងអាចយកទៅប្រើប្រាស់នៅតាមអង្គភាពឱ្យក្លាយជាសកម្មភាពជាក់ស្តែង។

ក្នុងកម្មវិធីនេះក៏មានបទបង្ហាញរបស់មន្ទីរពេទ្យបង្អែករាជធានី ដែលបានការប្រែក្លាយមន្ទីរពេទ្យជាអង្គភាពសាធារណៈគំរូក្នុងវិស័យសុខាភិបាល តាមរយៈការកែលម្អហេដ្ឋារចនាសម្ពន្ធ័ គុណភាពសេវា និងការត្រៀមខ្លួនដើម្បីពង្រើកសេវាឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





