សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាង នាំយកចតុប្បច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តស្នំប្រាំពីរ
AKP ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦--ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នាថ្ងៃសៅរ៍ទី៣ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃកាន់បិណ្ឌទី៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយពុទ្ធបរិស័ទ លោកយាយជី តាជី អញ្ជើញបូជា ទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកចតុប្បច្ច័យ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ មួយចំនួន ទៅវេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តស្នំប្រាំពីរ ដែលស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

បន្ទាប់ពីធ្វេីបទនមស្ការ ព្រះរតនត្រ័យ រាប់បាត្រ បង្សុកូល និងវេរប្រគេនព្រះសង្ឃរួចមក ព្រះសាគររង្សី ទឹម សំបូរ ព្រះចៅអធិការវត្តស្នំប្រាំពីរ បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ឱ្យសហការីនាំយកទេយ្យទានមកវេរប្រគេន និងបានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅ ជាពិសេសឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក, លោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី គ្រប់រូប ដែលបានពលី និងបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ព្រះសាគររង្សី ទឹម សំបូរ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំង បុត្រា បុត្រី ចៅៗ និងសហការី នៃកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព. កាកបាទក្រហមកម្ពុជា)





