ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចាត់ក្រុមការងារក្រសួង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសិក្សាប្រព័ន្ធរំដោះទឹក ដើម្បីនាំទឹកឱ្យបានលឿនចេញពីភូមិសាស្ត្រខេត្តបន្ទាយមានជ័យទៅកាន់បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃសុក្រទី២ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់តាំងក្រុមការងារក្រសួង សហការជាមួយក្រុមការងារឯកឧត្តម កែ គឹមយ៉ាន ដើម្បីចុះពិនិត្យស្ថានភាពទឹកជំនន់ និងអន្តរាគមន៍បើកមុខទឹកក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងធ្វើការសិក្សាប្រព័ន្ធរំដោះទឹក ដើម្បីនាំទឹកឱ្យបានលឿនចេញពីខេត្តបន្ទាយមានជ័យឆ្ពោះត្រង់ទៅកាន់បឹងទន្លេសាប។

ក្នុងឱកាសនោះ ក្រុមការងារ បានអមដំណើរឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅទំនប់អាងតាកុច ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ព្រមទាំងចុះពិនិត្យប្រព័ន្ធអូរនាងដែលគោករាក់ ស្ថិតនៅឃុំតាឡំ និងឃុំបន្ទាយនាង ស្រុកមង្គលបូរី និងប្រព័ន្ធស្វាយចេក ក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសក្រសួង ក៏នឹងធ្វើការសិក្សាលើប្រព័ន្ធរំដោះទឹកដែលរួមមាន ប្រឡាយអូរញ័រ ប្រឡាយពោធិ៍ពីរដើម ស្ទឹងមង្គលបូរី ប្រឡាយតាផាន់ និងប្រព័ន្ធស្វាយចេក ដើម្បីនាំទឹកឱ្យបានលឿនចេញពីខេត្តបន្ទាយមានជ័យឆ្ពោះត្រង់ទៅកាន់បឹងទន្លេសាប ជួយបញ្ចៀសនូវហានិភ័យទាំងឡាយឱ្យបានទាន់ពេលវេលា ព្រមទាំងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព.ក្រសួងធនធានទឹកនិងឧតុនិយម)





