លោកជំទាវ ពុំ ចន្ទីនី អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យទីតាំងត្រៀមរៀបចំបោះជំរំយុវជន
AKP ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦--លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងពិនិត្យទីតាំងការត្រៀមលក្ខណៈរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនស្រឡាញ់សន្តិភាព និងកសាងសមត្ថភាពបំណិនសតវត្សទី២១” ដែលគ្រោងរៀបចំឡើងរយៈពេល៣ថ្ងៃ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់, មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ព្រមទាំងមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន សរុបចំនួន ៤០នាក់។


ការរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ ឆ្នាំ២០២៦ គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូរ និងលើកកម្ពស់គុណតម្លៃនៃការងារស្ម័គ្រចិត្តរបស់យុវជន ដែលជាប្រតិបត្តិករវ័យក្មេងរបស់កាកបាទក្រហមកម្ពុជា។

គោលបំណងនៃការបោះជំរំនេះ គឺដើម្បីប្រមូលផ្តុំយុវជនកាកបាទក្រហមកម្ពុជា ពីសាខាកាកបាទក្រហមកម្ពុជា និងគ្រឹះស្ថានឧត្ដមសិក្សាក្នុងរាជធានីភ្នំពេញមកស្នាក់នៅរួមគ្នាចែករំលែកចំណេះដឹង ដកស្រង់បទពិសោធន៍រៀនសូត្រពីគ្នា ទំនាក់ទំនងគ្នា បង្កើតគំនិតថ្មីប្រកបដោយនវានុវត្តន៍ក្នុងការលើកកម្ពស់សេវាកម្មស្ម័គ្រចិត្ត ការកសាង និងរក្សាសន្តិភាព ភាពជាអ្នកដឹកនាំ ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកលថ្មីៗ ដូចជា ការប្រែប្រួលអាកាសធាតុ ការបង្ការជំងឺឆ្លង-មិនឆ្លង និងភាពធន់របស់សហគមន៍៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព.កាកបាទក្រហមកម្ពុជា)





