ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញឱ្យក្រុមការងារទាំងអស់ត្រូវខិតខំធ្វើអំពើល្អនិងបម្រើប្រយោជន៍ប្រជាពលរដ្ឋ
AKP កំពង់ធំ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះចុះមូលដ្ឋានឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្កជំរុញឱ្យក្រុមការងារទាំងអស់ត្រូវខិតខំធ្វើអំពើល្អនិងបម្រើប្រយោជន៍ប្រជាពលរដ្ឋក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំឆ្នាំ២០២៧នៅឃុំសាលាវិស័យនាព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០២៦។

ឯកឧត្តមបានណែនាំនិងជំរុញយ៉ាងម៉ឺងម៉ាត់ដល់សមាជិកសមាជិកានៃក្រុមការងារទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងធ្វើអំពើល្អ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធិភាពពិសេសយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈនិងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់ពេលវេលានិងមានតម្លាភាព។ក្រុមកាងារត្រូវចុះជួបសួរសុខទុក្ខស្តាប់នូវបញ្ហាប្រឈម សំណូមពរ និងកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះដើម្បីស្វែងរកដំណោះស្រាយសមស្របនិងទាន់ពេលវេលា។


ឯកឧត្តមបានបញ្ជាក់ថាក្រុមការងារបន្តជួយឧបត្ថម្ភគាំទ្រដល់គ្រួសារក្រីក្រ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងនិងប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពនិង រួមសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងលុបបំបាត់បទល្មើសផ្សេងៗនៅក្នុងឃុំឱ្យបានល្អ។
ឯកឧត្តមបណ្ឌិត ហេង សំណាងបានសង្កត់ធ្ងន់ថាការធ្វើអំពើល្អនិងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់នេះគឺជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្ត និងពង្រឹងចំណងមិត្តភាពរវាងអាជ្ញាធរ-ក្រុមការងារនិងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែជិតស្និទ្ធ៕

ដោយ៖ ស៊ុម វណ្ណា





