អាជ្ញាធរទន្លេសាប និងអន្តរក្រសួង ពិភាក្សាលើការងារ ការកំណត់ព្រំផ្ទៃទឹកបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦--- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាបនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាបញ្ចប់លើការងារធ្វើបច្ចុប្បន្នភាពផែនទីកំណត់ផ្ទៃដីតំបន់៣ និងការកំណត់ព្រំផ្ទៃទឹកបឹងទន្លេសាប ។
ឯកឧត្តម ហ៊ែល តូនី លើកឡើងថា បន្ទាប់ពីកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អង្គប្រជុំបានសម្រេចឯកភាពជូនអាជ្ញាធរទន្លេ សាប រៀបចំធ្វើបច្ចុប្បន្នភាពផែនទីកំណត់ផ្ទៃដីតំបន់៣ និងកំណត់ព្រំផ្ទៃទឹកបឹងទន្លេសាប ដើម្បីដាក់ប្រជុំពិភាក្សាសម្រេចចុងក្រោយក្នុងកិច្ចប្រជុំលើកទី២ នេះ និងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល។


កិច្ចប្រជុំនេះ អញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេស ចរណ៍ ក្រសួងធនធានទឹក និងឧតុនិយម អភិបាលរងទទួលបន្ទុកនៃគណៈអភិបាលខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្តទាំង ៦ជុំវិញបឹងទន្លេសាប ថ្នាក់ដឹកនាំអនុប្រធានអាជ្ញាធរទន្លេសាប និងមន្រ្តីបច្ចេកទេសអគ្គលេខាធិការ អាជ្ញាធរទន្លេសាប សរុបចំនួន ៣០នាក់ ៕

ដោយ៖ ណយ នឿន ,ប្រភព៖អាជ្ញាធរទន្លេសាប





