ទូតកម្ពុជានៅកូរ៉េស្នើសុំក្រុមហ៊ុនកូរ៉េពិនិត្យលទ្ធភាពនាំយកផ្លែឈើខ្មែរដូចជាស្វាយខ្ចី ទុរេន និងចេក ចូលទីផ្សារកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦---ឯកឧត្តមឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសកូរ៉េស្នើសុំក្រុមហ៊ុនកូរ៉េពិនិត្យលទ្ធភាពនាំយកផ្លែឈើខ្មែរផ្សេងទៀត ដូចជាស្វាយខ្ចី ទុរេន និងចេកចូលទីផ្សារកូរ៉េ។
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េកាលពីទី៣០ ខែកញ្ញា ឆ្នាំ២០២៦បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក KIM Yunju នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយុនដាយអាហ្គ្រោ (ខេមបូឌា) ឯ.ក - Hyundai Argo (Cambodia) Co., Ltd. នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។


ជាកិច្ចចាប់ផ្តើម លោក Kim បានថ្លែងអំណរគុណចំពោះស្ថានទូត ដែលបានជួយស្រាយបំភ្លឺអំពីប្រភពនៃស្វាយ «រំដួល» ដែលជាស្វាយខ្មែរនាំចូលដោយក្រុមហ៊ុនហ៊ីយុនដាយអាហ្គ្រោ មកកាន់ទីផ្សារប្រទេសកូរ៉េ។ លោកបានបញ្ជាក់ថា ការស្រាយបំភ្លឺរបស់ស្ថានទូត បានធ្វើឱ្យសហគមន៍ខ្មែរនៅកូរ៉េ មានការទុកចិត្តពីប្រភពផលិតផលស្វាយ«រំដួល» និងសម្តែងការគាំទ្រយ៉ាងលើសលុបមកលើស្វាយម៉ាក «រំដួល» នេះ។ លោកបានបន្តថា ក្រុមហ៊ុនក៏សុំការអធ្យាស្រ័យពីសំណាក់បងប្អូនខ្មែរទាំងអស់ ដែលក្រុមហ៊ុនមិនអាចផ្តត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការ ។


ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនលោក Kim ថា ស្ថានទូតរីករាយក្នុងការសហការគាំទ្រដល់ក្រុមហ៊ុនទាំងអស់ ដែលនាំចូលផលិតផលខ្មែរមកប្រទេសកូរ៉េ ព្រោះឯកឧត្តម ក៏តែងតែសង្ឃឹមថានឹងអាចមានវត្តមានផលិតផលខ្មែរ កាន់តែច្រើនមកទីផ្សារកូរ៉េ ពិសេសដំណាំឧស្សាហកម្ម ផ្លែឈើ និងបន្លែស្រស់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានស្នើសុំក្រុមហ៊ុនពិនិត្យលទ្ធភាពនាំយកផ្លែឈើខ្មែរផ្សេងទៀត ដូចជាស្វាយខ្ចី ទុរេន និងចេក ជាដើម មកទីផ្សារកូរ៉េ ដែលផ្លែឈើទាំងនេះ បងប្អូនសហគមន៍ខ្មែរនៅកូរ៉េ កំពុងមានតម្រូវការជាខ្លាំង៕

ដោយ៖ ប៊ុនរិទ្ធ





