សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបញ្ចេញក្រដាសប្រាក់ ៥ម៉ឺន និង ១០ម៉ឺនរៀលគំរូថ្មី គឺដើម្បីទប់ស្កាត់ប្រាក់ក្លែងក្លាយ និងជំនួសក្រដាសប្រាក់ចាស់ៗ ឯរដ្ឋមិនបានអស់ថវិកានោះទេ
AKP ពោធិ៍សាត់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អះអាងយ៉ាងច្បាស់អំពីមូលហេតុពិតប្រាកដដែលធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យចរាចរនូវក្រដាសប្រាក់ប្រភេទ ៥០,០០០ រៀល និង ១០០,០០០ រៀល គំរូថ្មីនាពេលថ្មីៗនេះ ព្រមទាំងបានបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិត ដែលចោទប្រកាន់ថា រដ្ឋកំពុងជួបវិបត្តិខ្វះខាតថវិកា។

សម្តេចធិបតីបានលើកឡើងថា ការបោះពុម្ព និងដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់គំរូថ្មីនេះ ធ្វើឡើងក្នុងគោលបំណងបច្ចេកទេសច្បាស់លាស់ ២ សំខាន់ៗ៖ ១. ទប់ស្កាត់ និងបញ្ចៀសការចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយ ដោយសារក្រដាសប្រាក់គំរូថ្មីត្រូវបានបំពាក់នូវបច្ចេកវិទ្យាសន្តិសុខទំនើប ការពារការបន្លំបានខ្ពស់។ ២. ជំនួសក្រដាសប្រាក់ចាស់ៗ ឬរហែក ដែលបានចរាចរលើទីផ្សារជាយូរមកហើយ ឱ្យមានភាពថ្មីស្អាត និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ឡើងវិញ។

ជាមួយគ្នានេះ សម្តេចធិបតីបានសង្កត់ធ្ងន់ដើម្បីជម្រះការភ័ន្តច្រឡំ និងការព្រួយបារម្ភរបស់សាធារណជន ដោយបញ្ជាក់ថា «រដ្ឋមិនបានអស់លុយ ឬគ្មានថវិកានោះទេ»។ សម្តេចបានគូសរំលេចនូវភស្តុតាងជាក់ស្តែងថា នៅក្នុងខែតុលានេះ រាជរដ្ឋាភិបាលនៅតែមានសមត្ថភាពហិរញ្ញវត្ថុពេញលេញក្នុងការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ បានទៀងទាត់។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានឧបត្ថម្ភ និងរៀបចំរថយន្តក្រុងដឹកជញ្ជូនឥតគិតថ្លៃ ជូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌថែមទៀតផង។
យោងតាមអនុក្រឹត្យលេខ ២០៥ អនក្រ.បក និងលេខ ២០៦ អនក្រ.បក រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ។

ការចេញមុខបញ្ជាក់ផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ បានធ្វើឱ្យមហាជន និងប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្តកាន់តែខ្លាំងលើស្ថិរភាពសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុជាតិ ព្រមទាំងអាចប្រើប្រាស់ក្រដាសប្រាក់រៀលគំរូថ្មីដោយសប្បយចិត្ត គ្មានការសង្ស័យអ្វីឡើយ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





