សហជីព៖ ការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៧នេះ គឺរក្សាបាននូវការងារ និងកំណើនរោងចក្រមិនឱ្យរើចេញពីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦---តំណាងសហជីពធំៗនៅកម្ពុជាបានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាកើនឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៧ នឹងធានាបាននូវស្ថិរភាពការងារ និងកំណើនរោងចក្រមិនឱ្យរើចេញពីកម្ពុជា ក្រោយពីបានប្រជុំពិភាក្សា ពិចារណាយ៉ាងម៉ត់ចត់ឱ្យស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច សង្គម ជីវភាពកម្មករនិយោជិត និងសមត្ថភាពរបស់វិស័យផលិតកម្ម។

ការលើកឡើងនេះ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចដំឡើង ២១២ដុល្លារសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៧។ ក្រុមប្រឹក្សាបានឯកភាពប្រើប្រាស់ទិន្នន័យតាមលក្ខណៈវិនិច្ឆ័យទាំង៧ រួមមាន ស្ថានភាពគ្រួសារ អតិផរណា ថ្លៃរស់នៅ ផលិតភាព ភាពប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងប្រាក់ចំណេញរបស់វិស័យ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា លោកគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ព្រោះជាការសម្រេចទៅតាមមតិភាគច្រើនដែលបានបោះឆ្នោតគាំទ្រ។ លោកថា ការសម្រេចជារួមចុងក្រោយនេះ អាចធានាបានទាំងផលប្រយោជន៍របស់កម្មករនិយោជិត និងកំណើនរោងចក្រមិនឱ្យរើចេញពីកម្ពុជា។

លោកយល់ថា ការកំណត់ប្រាក់ឈ្នួលមិនបានផ្អែកតែលើតម្រូវការរបស់ភាគីណាមួយនោះទេ ប៉ុន្តែត្រូវបានពិនិត្យមើលទិន្នន័យជាក់ស្តែង ព្រមទាំងស្ថានភាពសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យផលិតកម្ម។ លើសពីនេះ អាចធានានិរន្តរភាពការងារជូនពលរដ្ឋ និងបង្កើនការវិនិយោគនៅកម្ពុជា។
ថ្នាក់ដឹកនាំសហជីពរូបនេះថា៖«ខ្ញុំយល់ស្របទៅតាមមតិភាគច្រើន ព្រោះខ្ញុំក៏បានគិតដែរថា យើងគួរតែរក្សាបាននូវតុល្យភាពរវាងជីវភាពកម្មករ និងសមត្ថភាពរបស់សហគ្រាស។ ប្រសិនបើអាចកំណត់បានក្នុងកម្រិតសមរម្យនេះ នោះនឹងជួយលើកកម្ពស់ជីវភាពកម្មករ រក្សាការងារដែលមានស្រាប់ និងបង្កើតលក្ខខណ្ឌល្អសម្រាប់ការពង្រីកអាជីវកម្ម និងការវិនិយោគបន្ថែម»។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានលើកឡើងថា ប្រាក់ឈ្នួលដែលសមស្របអាចជួយឱ្យកម្មករនិយោជិតមានស្ថិរភាពផ្នែកជីវភាព និងបង្កើនការលើកទឹកចិត្តក្នុងការងារ។ តាមទស្សនៈរបស់លោក ការពិភាក្សាប្រាក់ឈ្នួលគួរតែផ្អែកលើទិន្នន័យ និងស្ថានភាពជាក់ស្តែង ដោយគិតគូរទាំងអត្ថប្រយោជន៍របស់កម្មករ និងសមត្ថភាពរបស់និយោជក។
បើតាមលោក ស៊ីណា បញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់ជាមួយបងប្អូនថា មានបងប្អូនយើងមួយចំនួនមិនសូវជារីករាយចំពោះតួលេខនេះទេ ប៉ុន្ដែបងប្អូនត្រូវយល់ថា ការដែលរក្សាបាននូវឱកាសការងារ រក្សានូវការប្រកួតប្រជែងនូវការនាំចេញសម្លៀកបំពាក់នេះ មិនមែនមានតែកម្ពុជាមួយនោះទេ គឺមានដៃគូជាច្រើនដែលជាដៃគូររបស់យើង ហើយប្រទេសទាំងនោះមានប្រាក់ឈ្នួលតិចជាងយើងថែមទៀត។ ដូច្នេះបើយើងមិនប្រុងប្រយ័ត្នក្នុងការដំឡើងទេ គឺយើងអាចមានឧបសគ្គ ដែលធ្វើឱ្យអ្នកវិនិយោគងាកចេញពីកម្ពុជានៅថ្ងៃក្រោយ»។

ថ្នាក់ដឹកនាំសហជីពទាំងពីរបានសង្កត់ធ្ងន់ថា ការកំណត់ប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៧ ត្រូវបានជជែកវែកញែកដោយឈរលើមូលដ្ឋានទិន្នន័យច្បាស់លាស់ និងការពិភាក្សាដោយសុចរិតភាព ដើម្បីសម្រេចបាននូវកម្រិតប្រាក់ឈ្នួលដែលអាចជួយលើកកម្ពស់ជីវភាពកម្មករ ខណៈរក្សាបាននូវការងារ ស្ថិរភាពផលិតកម្ម និងបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជានាពេលអនាគត៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារ





