ក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានឃុំលាងដៃនាំយកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
AKPសៀមរាប ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៦---ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំលាងដៃ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងរទេះរុញជនពិការផងដែរ ទៅចែកជួនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដែលបានបណ្តាលឲ្យលិចផ្ទះសម្បែងចំនួន៥០គ្រួសារ និងជនពិការ២រូប ដែលពិធី ចែកអំណោយថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៦ ធ្វើនៅបរិវេណសាលាឃុំលាងដៃស្រកអង្គរធំខេត្តសៀម រាប។

អំណោយដែលបានចែកជូនបងប្អូនជនរងគ្រោះនាពេលនោះ ក្នុងមួយគ្រួសារមានធុងជ័រ អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន។ ហើយក្នុងពេលមានប្រសាសន៍សំណេះសំ ណាលជាមួយប្រជាពលរដ្ឋរងគ្រោះនាឱកាសនោះ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត បានលើកឡើងថា ក្នុងស្ថានភាពរដូវវស្សានេះ អាកាសធាតុមានការប្រែប្រួល ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងជារៀងរាល់ថ្ងៃ បង្កឲ្យមានជំនន់ទឹកភ្លៀងនិងធ្វើឲ្យបងប្អូនយើងនៅតាមបណ្តាភូមិមួយចំនួនក្នុងឃុំលាងដៃបានជួបនូវគ្រោះជំនន់ទឹកភ្លៀងនេះឡើង ដែលនេះជាបញ្ហាប្រធានស័ក្តិ គឺកើតឡើងដោយធម្មជាតិ ឬក៏ជាអំពើដែលមនុស្សយើងធ្វើ ដោយមិនបានគិតពីហានីភ័យកើតឡើង តាមរយះការកាប់បំផ្លាញ់ព្រៃឈើ ការចាក់ដីលប់បំបាត់ប្រព័ន្ធប្រឡាយ អូរ បឹង ត្រពាំងធម្មជាតិ ដែលធ្វើឲ្យកកស្ទះចរន្តទឹកហូរ និងទីកន្លែងស្តុបទឹក។

ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត បានសម្តែងការអាណិតអាសូរដល់បងប្អូនរងគ្រោះ ព្រមទាំងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលដែលមានទឹកជំនន់នេះ ត្រូវមានការប្រុង ប្រយ័ត្នចំពោះសមាជិកក្នុងគ្រួសារសំខាន់កុមារតូចៗ មិនត្រូវបណ្តែត បណ្តោយឲ្យលេងទឹកឡើយ។ ហើយម៉្យាងទៀតត្រូវមានការការពារចំពោះពពួកសត្វអសិរពិសនិងការប្រើប្រាស់ទឹកឲ្យមានអនាម័យល្អ ដើមី្បការពារនូវជម្ងឺរាត្បាតឆ្លង ហើយបើមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់នាំទៅកាន់មណ្ឌលសុខភាពដែលនៅជិតខ្លួន។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត ក៏បានលើកពីស្ថានការនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជានៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយសន្តិវិធី និងមិនលាក់បាំងឬស្ងៀមស្ងាត់ឡើយ នៅពេលមានសកម្មភាពប៉ះពាល់ដល់អធិបតេយ្យភាព។ ហើយកម្ពុជាមានសិទ្ធិពេញលេញក្នុងការនិយាយបង្ហាញភស្តុតាង និងលើកឡើងពីបញ្ហាព្រំដែននៅគ្រប់យន្តការសន្តិវិធី ទាំងថ្នាក់ទ្វេភាគី តំបន់ និងអន្តរជាតិ។ កម្ពុជាយើងបន្តបង្កើននិងពង្រឹងកិច្ចការទូតព្រមទាំងតាមដានយ៉ាងដិតដល់នូវរាល់ការវិវត្តថ្មីៗនៅតាមបន្ទាត់ព្រំដែន។ កម្ពុជាយើងប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងគោរពបូរណភាពដែនដីទៅវិញទៅមក ប៉ុន្តែនឹងមិនយល់ព្រមស្ងៀមស្ងាត់ចំពោះបញ្ហាដែលប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋខ្លួននោះទេ៕
ដោយ៖ ហង្ស សៀក





