ជំនន់ទឹកភ្លៀងបានបណ្តាលឪ្យផ្ទះប្រជា ពលរដ្ឋប្រមាណជា ១៥០ខ្នងត្រូវបានជន់លិច
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦ – លោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ដឹកនាំក្រុមការងារចុះពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀងជាក់ស្តែង និងចុះអន្តរាគមន៍ការបើកទ្វារទឹកនៅតាម ទំនប់ប៉ូលឌែទាំងអស់ ដើម្បីពន្លឿនការរំដោះទឹកជំនន់បានលឿន ឆាប់ ។

នៅថ្ងៃសៅរ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក អភិបាលស្រុកព្រៃនប់ បានឪ្យដឹងថា ជំនន់ទឹកភ្លៀងធ្លាក់មកពីផ្នែកខាងលើក្រោយឥទ្ធិពល ព្យុះវាបានបង្កការឪ្យមាន ការជន់លិចលង់ចូលផ្ទះប្រជាពលរដ្ឋប្រមាណ ១៥០ខ្នងផ្ទះ និងផ្លូវលំមួយចំនួនក្នុងភូមិបែកក្រង់ ឃុំព្រៃនប់ និងភូមិជំពូខ្មៅ ស្ថិតនៅក្នុងឃុំទួលទទឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្នទ្វារទឹកនៅតាម ទំនប់ប៉ូលឌែទាំងអស់ត្រូវបានបើកឪ្យដំណើរការ ដើម្បីបញ្ចេញទឹកយ៉ាងសកម្ម ហើយក្រុមការងាររបស់រដ្ឋបាលស្រុក ក៏ដូចជាឃុំ ភូមិ កំពុងបន្តចុះតាមដានស្ថានភាពជំនន់ទឹក ភ្លៀងជាប់ជាប្រចាំនៅតាមមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ ជាពិ សេសត្រៀមអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ដោយមិនទុកឪ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយជំនន់ទឹកភ្លៀងមិន បានជួយអន្តរាគមន៍នោះទេ ។

ទន្ទឹមនោះ លោកអភិ បាលស្រុក ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវចុះតាមដានឪ្យបានជាប្រចាំនូវជំនន់ទឹក ភ្លៀងនៅតាមភូមិ ឃុំទាំង១០ របស់ស្រុកព្រៃនប់ ៕
ដោយ៖ ងូ សុមុនី





