សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា និង ហ្សកហ្ស៊ី ស្វែងរកចំណុចសំខាន់ៗដែលមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា និង ហ្សកហ្ស៊ី ស្វែងរកចំណុចសំខាន់ៗដែលមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម Irakli Asashvili ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនសារតាំង នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងក្នុងព្រះបរមនាមព្រះមហាក្សត្រ សូមអបអរសាទរ ឯកឧត្តម Irakli Asashvili ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់ ឯកឧត្ដមដែលជា ឯកអគ្គរដ្ឋទូតថ្មី ហ្សកហ្ស៊ី ប្រចាំនៅកម្ពុជា នឹងញ៉ាំងទំនាក់ទំនងប្រទេសរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ ឯកឧត្តម Irakli Asashvili បានសម្ដែងនូវការអរគុណជាអនេកកប្បការចំពោះសម្ដេចតេជោ ដែលបានឱ្យឯកឧត្ដមបានជួបសម្ដែងការគួរសម និងប្រគល់សារតាំង ក្នុងឱកាសនេះ។ ឯកឧត្ដមបានលើកឡើងថា នេះជាកិត្តិយសមួយដ៏អស្ចារ្យសម្រាប់ឯកឧត្ដម ដែលបានជួប សម្ដេចតេជោ ដោយផ្ទាល់ ដោយកន្លងមក ឯកឧត្ដមធ្លាប់តែឭឈ្មោះ ក៏ដូចជាធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិរបស់សម្ដេចតេជោ ពីភាពជាមេដឹកនាំរបស់សម្ដេចតេជោ នៅតាមឯកសារប្រវត្តិសាស្ត្រ ឬតាមបណ្ដាញសារព័ត៌មាន។ ក្នុងឱកាសនោះ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា ក្នុងតួនាទី ឯកឧត្ដមជាឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន។


ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានលើកឡើងបន្ថែមថា នៅពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែឈានជំហានទៅមុន និងរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងឱកាសនោះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្ដមឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ដោយសម្ដេចបានឯកភាពក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន បើទោះជាប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរនៅតែអាចមានលទ្ធភាពបង្កើតទំនាក់ទំនងល្អជាមួយគ្នា។ ជាមួយគ្នានេះ សម្ដេចតេជោបានលើកទឹកចិត្តឱ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជជែកគ្នាបន្ថែមទៀត ស្វែងរកចំណុចសំខាន់ៗដែលមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យកាន់តែស៊ីជម្រៅ។ សម្ដេចតេជោ ក៏បានរម្លឹកពីសារបានពីអតីកាល ដែលសម្ដេចធ្លាប់បានទៅធ្វើទស្សនកិច្ចនៅ ហ្សកហ្ស៊ី ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរ សម្ដេច សង្ឃឹមថា នឹងកាន់តែរឹងមាំបន្ថែមទៀត៕
ដោយ៖ ជឹម ណារី





