រដ្ឋបាលខេត្តព្រះសីហនុជំរុញឱ្យប្រជាពលរដ្ឋធ្វើការញែកសំរាមផ្ទះបាយ និងសំណល់ប្លាស្ទិកដើម្បីបង្កើនជីវភាពគ្រួសារ
AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារ ស្តីពីការញែកសំរាមផ្ទះ បាយ និងសំរាមប្លាស្ទិកនៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ ដើម្បីឈានដល់ ក្រុង ស្រុកក្នុងខេត្តព្រះសីហនុ។
ចំណុចសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖
-ការជំរុញ និងលើកកម្ពស់ការញែកសំរាមនៅតាមគេហដ្ឋាន និងការប្រមូលសំណល់ប្លាស្ទិកនៅក្នុងសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ។
-ការរៀបចំកន្លែងដាក់ធុងសំរាមនៅឆ្នេរលំហែរកាយ ក្នុងក្រុងព្រះសីហនុ។
-កែប្រែទម្លាប់ប្រជាជន រដ្ឋបាលខេត្តត្រូវផ្តួចផ្តើមឱ្យមានការញែកសំរាមតាមលំនៅឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងទីប្រជុំជនផ្សារ ដើម្បីងាយស្រួលគ្រប់គ្រង និងចាត់វិធានការ។
-សហការជាមួយក្រុមហ៊ុន Everwave៖ ក្រុមហ៊ុនទទួលទិញសំរាមសំណល់ ប្លាស្ទិកគ្រប់ប្រភេទដូចជា ដបទឹកសុទ្ឋទិញ ៥០០រៀលក្នុងមួយគីឡូ និងប្លាស្ទិកទូទៅ ៣០០រៀល ក្នុងមួយគីឡូ។
-ការទទួលខុសត្រូវរបស់អ្នកផលិត ដោយជំរុញក្រុមហ៊ុន និងតំណាងចែកចាយស្រាបៀរ ភេសជ្ជៈទទួលខុសត្រូវប្រមូលសំបកដបត្រលប់ទៅវិញ។


ដោយសារតែបញ្ហាសំរាម គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដើម្បីមូលដ្ឋានរបស់យើងមានសោភណ័ភាព អនាម័យ បរិស្ថាន និងផាសុខភាសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តតជាតិ។ ហើយការញែកសំរាមនេះទៀតសោតត្រូវធ្វើការញែកសំរាមប្លាស្ទិក និងសំរាមផ្ទះបាយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជួយកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងក្រុង ដើម្បីឈានទៅពង្រីកស្រុកគោលដៅ។ ចំពោះការញែកសំរាមនេះ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ជាពិសេសឱ្យគាត់មានការយល់ដឹងបន្ថែមទៀតក្នុងការញែកទុកដាក់សំរាម នៅតាមលំនៅដ្ឋាន ទីប្រជុំជន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងហាងកាហ្វេជាដើម។


ក្នុងឱ្យកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការឯកភាពឱ្យក្រុមការងាររៀបចំធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយមុននឹងឈានទៅអនុវត្តសម្រាប់ការគ្រប់គ្រង និងការទុកដាក់សំរាម ការញែកសំរាមប្លាស្ទិក និងសំរាមផ្ទះបាយឱ្យបានត្រឹមត្រូវ ម្យ៉ាងទៀត បើយើងធ្វើការញែកសំណល់ប្លាស្ទិកបាន វាជួយកាត់បន្ថយការដឹកជញ្ជូនសំរាមទៅកាន់ទីលានបានមួយចំនួនទៀត៕
ដោយ ងូ សុមុនី





