កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិក ភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេ ធចោលសាជាថ្មីនូវការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋាន ក្នុងពេលថ្មីៗ ពីសំណាក់មន្ត្រីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ជាពិសេសការលើក ឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការ ណ៍ថៃ-កម្ពុជា (JIC) និង លោក Phanombut Chantharachote អគ្គនាយកនៃ នាយកដ្ឋានវិចិត្រសិល្បៈថៃ ដោយបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ ជាមូលដ្ឋានយោធា។

យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ក្រសួ ងវប្បធម៌និងវិចិត្រសិល្បៈ ចាត់ទុកថា ការលើកឡើងទាំងនេះគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពី ការបំផ្លិចបំផ្លាញប្រាសាទ និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មី ដូចខាងក្រោម៖
១. ក្នុងនាមជាប្រទេសមួយ ដែលមានអរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រសម្បូរបែប និងជារដ្ឋភាគីនៃអនុសញ្ញា ឆ្នាំ១៩៥៤ និងពិធីសារទាំងពីររបស់អនុសញ្ញានេះ ព្រមទាំងអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ កម្ពុជា ប្រកាន់ជំហរដាច់ខាតប្រកប ដោយការទទួលខុសត្រូវខ្ពស់ក្នុងការការពារថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយគ្រប់ទីតាំង បេតិកភណ្ឌទាំងអស់នៅទូទាំងប្រទេសទទួលបានអាទិភាពខ្ពស់ក្នុងការអភិរក្ស លើកតម្លៃ ការស្រាវជ្រាវ អប់រំ សកម្មភាពសាសនា ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជាមិនមែនជារដ្ឋដែលធ្លាប់បំផ្លាញបេតិកភណ្ឌ វប្បធម៌ឡើយ និងពុំមានទីតាំងបេតិកភណ្ឌវប្បធម៌ណាមួយត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះទេ។
២. ផ្ទុយទៅវិញ សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការខូចខាត ប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួនដែលស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយរួមទាំង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព (ស្ថិតនៅប្រហែល ៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ) និងតំបន់បុរាណវិទ្យាមួយចំនួនផ្សេងទៀត។

មកទល់បច្ចុប្បន្ន ទីតាំងបេតិកភណ្ឌមួយចំនួនដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ត្រូវបាន អាជ្ញាធរពាក់ព័ន្ធរបស់ថៃ កាន់កាប់ដោយខុសច្បាប់ និងកំពុងធ្វើឱ្យប្រែប្រួលស្ថានភាពជាក់ស្តែងលើដី (Fait accompli) និងការប៉ុនប៉ងបង្កើតក្របខ័ណ្ឌច្បាប់ក្លែងក្លាយ ក្នុងគោលបំណងយកទីតាំងទាំងនោះជាកម្មសិទ្ធិរបស់ខ្លួន។ លើសពីនេះ វត្ថុបុរា ណមួយចំនួនត្រូវបានអាជ្ញាធរថៃយកចេញដោយខុសច្បាប់ពីប្រាសាទខ្នាររបស់កម្ពុជា។

ក្នុងន័យនេះ កម្ពុជាប្រឆាំងដាច់ខាតចំពោះគ្រប់ប្រភេទសកម្មភាពឯកតោ ភាគីរបស់ថៃនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយរួម ទាំងសកម្មភាពសាងសង់ហេដ្ឋារចនា សម្ព័ន្ធ បណ្តាញអគ្គិសនី ព្រឹត្តិការណ៍នានា ទាំងទេសចរណ៍ និងសាសនា ក៏ដូចជាគម្រោងជួសជុលដោយគ្មានការអនុញ្ញាតពីកម្ពុជា។ សកម្មភាពទាំងនេះគឺជា ចេតនាពង្រឹងការកាន់កាប់ដែនដីដោយខុសច្បាប់ និងផ្ទុយទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ។

៣. ប្រាសាទព្រះវិហារ ទទួលរងនូវសោកនាដកម្មធ្ងន់ធ្ងរ ពីការបាញ់បំផ្លាញរបស់យោធាថៃក្នុងអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ (ដូចមានរូបភាពវីដេអូបញ្ជាក់) ដែលក្នុងនោះ ៥៦២ទីតាំង ត្រូវបានបំផ្លាញដោយអាវុធធន់ធ្ងន់ ដោយបានធ្វើឱ្យថ្មប្រាសាទខ្ទេចរូបរាងជាង៧ម៉ឺនបំណែក។ ការវាយប្រហារដោយមិនរើសគោលដៅរបស់យោធាថៃ បានបំផ្លាញទាំងស្រុងនូវលទ្ធផលនៃការស្តារប្រាសាទព្រះវិហារឡើងវិញរបស់ស្ថាប័នជាតិនិងអន្តរជាតិជាង១០ឆ្នាំ កន្លងមកនេះ ដោយរួមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងបង្កការជម្លៀសប្រជាជនជាង ១៦.០០០នាក់ ពីតំបន់ បេតិកភណ្ឌ ហើយប្រជាជនមួយចំនួននៅមិនទាន់អាចត្រលប់ទៅកាន់លំនៅឋានវិញនៅឡើយដោយកត្តាសន្តិសុខ និងសុវត្ថិភាព។ការខូច ខាតប្រាសាទព្រះវិហារត្រូវបានពិនិត្យវាយតម្លៃចងក្រងជាឯកសារ ហើយក៏ត្រូវបានផ្ទៀងផ្ទាត់ ដោយ របាយការណ៍របស់អ្នកជំនាញការជាតិនិងអន្តរជាតិផងដែរ។

៤. ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោកជាទីសក្ការៈរបស់ប្រជាជនខ្មែរ ជាទីតាំងដែលអាជ្ញាធរជាតិកម្ពុជា និងដៃគូអន្តរជាតិពង្រឹងកិច្ចសហការអភិរក្ស ជាទីតាំងសិក្សាស្រាវជ្រាវបុរាណវិទ្យា ជាទីកន្លែងសម្រាប់អប់រំ ជាទីតាំង គោរពបូជាតាមប្រពៃណីសាសនាខ្មែរ និងជាទីតាំងទទួល ស្វាគមន៍ទេសចរណ៍ជាតិ-អន្តរជាតិជារៀងរាល់ថ្ងៃ រួមទាំង ទេសចរជាប្រជាជនថៃក៏ធ្លាប់ឡើងទស្សនា ហើយក៏បានដឹងច្បាស់ថាប្រាសាទព្រះវិហារមិនមែនជាទីតាំងយោធានោះដែរ។


ក្រសួងថាដូចនេះ ៖
ទី១. កម្ពុជាបន្តថ្កោលទោសចំពោះការគ្រប់គ្រងនិងចាត់ចែងទីតាំងបេតិកភណ្ឌរបស់កម្ពុជាដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងទាមទារឱ្យភាគីថៃដកទ័ពចេញពីតំបន់បេតិកភណ្ឌ ជាពិសេសកម្លាំង យោធាដែលកំពុងដាក់មូលដ្ឋាននៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។
ទី២. កម្ពុជាទាមទារឱ្យភាគីថៃប្រគល់មកកម្ពុជាវិញនូវវត្ថុបុរាណដែលបានយកចេញពីប្រាសាទខ្នារទៅកាន់ ប្រទេសថៃកន្លងមកនេះ។
ទី៣. កម្ពុជាទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ គោរពសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ និងបញ្ឈប់ការ ប្រើប្រាស់កម្លាំង បញ្ឈប់សកម្មភាព Fait accompli ដើម្បីកាន់កាប់ដែនដីកម្ពុជាជាអចិន្ត្រៃយ៍។ កម្ពុជាស្នើភាគីថៃងាកមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការរបស់គណៈកម្មការ ចម្រុះកិច្ចការព្រំដែន (JBC) ។


ជាចុងក្រោយ កម្ពុជាសូមបញ្ជាក់ច្បាស់ជាថ្មីថា គ្រប់ទីតាំងបេតិកភណ្ឌ មិនមែនជាមូលដ្ឋានយោធា និង មិនប្រើប្រាស់ជាទីតាំងយោធាដាច់ខាត។ កម្ពុជាបន្តផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្សថែរក្សាបេតិកភណ្ឌសម្រាប់ បន្តកេរតំណែលដល់ជនជំនាន់ក្រោយ និងរបស់មនុស្សជាតិ។


ជាមួយគ្នានេះ កម្ពុជាថ្កោលទោសដាច់ខាតចំពោះការបាញ់បំផ្លាញ ព្រមទាំងសកម្មភាពនានាដែលនាំឱ្យខូចខាត ប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដែលសុទ្ធតែជាសកម្មភាពបំពានច្បាប់អន្តរជាតិ និងប៉ះពាល់ ដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌៕
ដោយ៖ ប៊ុនរិទ្ធ





