អភិបាលខេត្តបន្ទាយមានជ័យ៖ លក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន ជាមូលដ្ឋានពង្រឹងវិជ្ជាជីវៈ និងគុណភាពអប់រំ
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងបញ្ជាក់ ដោយចាត់ទុកការផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀនថា ជាការងារដ៏មានសារៈសំខាន់ ព្រោះជាឯកសារគតិយុត្តដែលបុគ្គលិកអប់រំគ្រប់រូបគួរយល់ដឹងច្បាស់ ដើម្បីអនុវត្តន៍តួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

ការថ្លែងយ៉ាងដូច្នេះរបស់ ឯកឧត្តម អ៊ុ រាត្រី ក្នុងឱកាស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅ តាមមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាចុងវ៉ា ស្រុកមង្គលបូរី។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត អភិបាលរងស្រុក មន្ត្រីការិយាល័យ អប់រំស្រុក ព្រមទាំងនាយក នាយិកា និងបុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សាសាធារណៈទូទាំង ស្រុកមង្គលបូរី។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា គ្រូបង្រៀនគឺជាកម្លាំងស្នូលក្នុងការកសាងធន ធានមនុស្ស និងជាអ្នកបណ្តុះបណ្តាលកុមារ និងយុវជនឱ្យក្លាយជាពលរដ្ឋដែលមានចំណេះដឹង សមត្ថភាព សីលធម៌ និងការទទួលខុសត្រូវចំពោះសង្គមជាតិ។ ដូច្នេះ ការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀន ត្រូវដើរទន្ទឹមគ្នាជាមួយការពង្រឹងគុណភាពអប់រំ។
ឯកឧត្តម អ៊ុ រាត្រី បានសង្កត់ធ្ងន់ថា ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវ តាមលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន នឹងជួយឱ្យបុគ្គលិកអប់រំអនុវត្តន៍ការងារប្រកប ដោយវិជ្ជាជីវៈ មានវិន័យ សីលធម៌ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងរួមចំណែកលើកកម្ពស់ កិត្យានុភាព និងតម្លៃនៃវិជ្ជាជីវៈគ្រូបង្រៀន។

ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យថ្នាក់ដឹកនាំសាលា និងបុគ្គលិកអប់រំយកខ្លឹមសារ នៃព្រះរាជក្រឹត្យទៅសិក្សា ឈ្វេងយល់ និងផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដើម្បីធានាថា ការអនុវត្តការងាររបស់គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សា មានភាពច្បាស់លាស់ ស្របតាម បទប្បញ្ញត្តិ និងឆ្លើយតបនឹងតម្រូវការនៃការអប់រំនៅក្នុងមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូទាំងអស់ ឱ្យបន្តខិតខំ អភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ សិក្សាបន្ថែមនូវចំណេះដឹង និងវិធីសាស្ត្របង្រៀនថ្មីៗ ព្រមទាំងយក ចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្ស ដោយផ្តល់ការអប់រំប្រកបដោយគុណភាព និងស្មារតី ទទួលខុសត្រូវ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុ រាត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តសហការជាមួយវិស័យអប់រំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់គ្រឹះស្ថានសិក្សា គាំទ្រ ដល់ការអនុវត្តការងាររបស់គ្រូបង្រៀន និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសិក្សា របស់សិស្សានុសិស្ស។
ការផ្សព្វផ្សាយព្រះរាជក្រឹត្យនេះ មិនត្រឹមតែជាការផ្តល់ចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិ ដល់បុគ្គលិកអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការសំខាន់មួយក្នុងការពង្រឹងវប្បធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងគុណភាពនៃការបំពេញភារកិច្ចរបស់គ្រូបង្រៀន ដែលជាមូលដ្ឋានសម្រាប់ ការកសាងធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត




